ភ្ញៀវទេសចរជាង ១៣,០០០នាក់ចូលទស្សនាការប្រណាំងទូកនៅខេត្តព្រះវិហារ ខណៈអាជីវករមមាញឹកក្នុងការលក់ដូរ
(ព្រះវិហារ)៖ ក្នុងដំបូងនៃពិធីប្រណាំងទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តព្រះវិហារ មានភ្ញៀវទេសចរចូលទស្សនាការប្រណាំងទូកជាង ១៣,០០០នាក់ ខណៈអាជីវករក៏មមាញឹកក្នុងការលក់ដូរជូនភ្ញៀវផងដែរ។

ពិធីប្រណាំងទូកនៅខេត្តព្រះវិហារបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីយដ្ឋានទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្ត និងលោកស្រី។
នារាត្រីថ្ងៃដំបូងនេះដែរ ក៏មានការតាំងពិព័រណ៍ផលិតផល ម្ហូបអាហារនានា កម្មវិធីបង្ហោះគោម កម្មវិធីដុតក្រឡាន ដាល់អំបុក ពិធីបណ្តែតប្រទីប ការអុជកាំជ្រូច ការប្រគុំតន្ត្រីកម្សាន្តសប្បាយ ការសម្ដែងល្ខោនបាសាក់ជាដើម។
យោងតាមមន្ទីរទេសចរណ៍ខេត្តព្រះវិហារ «នៅក្នុងពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងតាំងពិព័រណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ ក្នុងថ្ងៃដំបូង ត្រូវនឹងថ្ងៃទី៩ វិច្ឆិកា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្តសរុបមានចំនួនជាង១៣,០០០នាក់»៕ ផ្ដល់សិទ្ធិដោយ៖ Freahnews















