មហាកុដិសម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងវត្តឧណ្ណាលោម ដែលមានអាយុកាលជាង ៧០ឆ្នាំ ត្រូវបានជួសជុលនៅដំណាក់កាលទី១ រួចហើយ
(ភ្នំពេញ)៖ មហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ដែលមានអាយុកាល៧៤ឆ្នាំ ត្រូវបានជួសជុលក្នុងដំណាក់ទី១រួចរាល់ហើយ ដើម្បីជាប្រយោជន៍ដល់សាសនា វប្បធម៌ និងរួមចំណែកទាក់ទាញភ្ញៀវទេសចរបែបសាសនា។

មហាកុដិកុដិរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានជួលជុលនៅដើមឆ្នាំ២០២៣ ដែលបានឧបត្ថម្ភថវិកាដោយ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ តំណាងរាស្រ្តមណ្ឌល ខេត្តកែប និងជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ មហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ត្រូវបានធ្វើការពង្រឹង និងជួសជុលកែលម្អទៅលើការងារពង្រឹងគ្រឿងផ្គុំសំណង់ខាងក្រោម , ការងារជួសជុលកែលម្អស្ថាបត្យកម្មខាងក្រៅ និងខាងក្នុង និងការងារជួសជុលកែលម្អ និងពង្រឹងគ្រឿងផ្គុំដំបូល។
ពិធីប្រគល់-ទទួល មហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ក្រោយកែលម្អ ជួលជុលរួច បានធ្វើឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម និងកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានថេរៈដីការថា ដោយសារមើលឃើញពីសភាពចាស់ឌ្រុដទ្រោមរបស់មហាកុដិនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានសទ្ធាជួសជុលកុដនេះ ដើម្បីថ្វាយសម្រាប់ការប្រើប្រាស់បម្រើដល់វិស័យពុទ្ធសាសនា។
ព្រះអង្គមានព្រះថេរៈដីការថា បើទោះបីជាមហាកុដនេះ ត្រូវបានជួលជុលកែលម្អឡើងវិញក៏ដោយ ប៉ុន្តែមិនបានកែប្រែអ្វីខុសពីទម្រង់ដើមកាលពីសម័យសម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ គឺនៅរក្សាទម្រង់ដើមទាំងក្បូក្បាច់រចនា។ បើតាម វិស្វករដែលជុសជុលមហាកុដនេះ បន្ទាប់ពីជួសជុលកែលម្អរួច នឹងអាចប្រើប្រាស់យ៉ាងហោចណាស់បាន៥០ឆ្នាំទៀត។
មហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ត្រូវបានកសាងឡើងនៅឆ្នាំ១៩៥០ ដោយពុទ្ធបរិស័ទចំណុះជើងវត្តកសាងថ្វាយសម្ដេចព្រះសង្ឃរាជ ជួន ណាត។ មានសម្តេចព្រះសង្ឃរាជ៣ព្រះអង្គហើយ ដែលបានគង់នៅក្នុងកុដិនេះ គឺសម្ដេចព្រះសង្ឃរាជ ជួន ណាត សម្ដេចព្រះសង្ឃរាជ ហួត តាត និង សម្ដេចព្រះសង្ឃរាជ ទេព វង្ស។ បន្ទាប់ពីជួសជុលរួច សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម នឹងគង់នៅកុដិនេះបន្ត។
សូមស្តាប់ថេរៈដីកាបន្ថែម របស់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត៖









