Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា, ក្រុមហ៊ុនធំមួយរបស់អេមីរាត់អារ៉ាប់រួម បង្ហាញបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យវិស័យដឹកជញ្ជូន និងវិស័យឡូជីស្ទីក

    BY Liny Chan November 20, 2024
    ជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា, ក្រុមហ៊ុនធំមួយរបស់អេមីរាត់អារ៉ាប់រួម បង្ហាញបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យវិស័យដឹកជញ្ជូន និងវិស័យឡូជីស្ទីក

    (ភ្នំពេញ)៖ នៅក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ, លោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បានបង្ហាញបំណងប្រាប់សម្តេច ក្នុងការចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗរួមមាន៖ វិស័យដឹកជញ្ជូន ឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។

    នៅក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យចូលជួបនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Sultan Ahmed Bin Sulayem ក៏បានគោរពជម្រាប​ជូនសម្ដេច​ដែរថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។

    ជាការឆ្លើយតប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់​អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ដែលគាំទ្រការវិនិយោគ និងបានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយផងដែរ។

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណា ក្នុងការវិនិយោគលើវិស័យឡូជីស្ទីក ក៏ដូចជាការអភិវឌ្ឍសួនឧស្សាហកម្ម ដែលជាវិស័យសក្តានុពល និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: