ព័ត៌មានជាតិ December 8, 2024

ក្រសួងយុត្តិធម៌ ចេញសេចក្ដីថ្លែងការណ៍ ករណីលោកយាយអាយុ៨២ឆ្នាំ ត្រូវបានតុលាការផ្ត.ន្ទា.ទោ.សដាក់ពន្ធ.នា.គារនៅខេត្តតាកែវ

Nisaiy KP

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សង្កេតឃើញមានការបន្តចុះផ្សាយ និងធ្វើអត្ថាធិប្បាយ ទាក់ទងករណីលោកយាយអាយុ៨២ឆ្នាំ ឈ្មោះ ជុំ យ៉េន ដែលត្រូវបានសាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសដាក់ពន្ធនាគារ ដោយនៅក្នុងការចុះផ្សាយទាំងនេះ ក៏មានដែរការចុះផ្សាយនូវរូបភាពរបស់ចៅក្រម ដោយភ្ជាប់ជាមួយនូវពាក្យជេរប្រមាថ បង្កការប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់បុគ្គល។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា លោកយាយ ជុំ យ៉េន រួមជាមួយនឹងឈ្មោះ ជុំ រុំ និងឈ្មោះ ទេព កោសល ត្រូវបានសាលាដំបូងខេត្តតាកែវផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់ៗ៨ខែ ទាក់ទងនឹងបទល្មើសដែលអ្នកទាំង ៣ នេះ ពុំអនុវត្តតាមសេចក្ដីសម្រេចស្ថាពររបស់តុលាការ ហើយថែមទាំងបានធ្វើការវាយបំផ្លិចបំផ្លាញរបង និងសម្ភារផ្សេងទៀតរបស់ឈ្មោះ សាន់ ភ្លង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ តុលាការបានសម្រេចអំពីករណីសំណុំរឿងនេះ ដោយអនុវត្តទៅតាម នីតិវិធីជាធរមាន រហូតដល់សាលក្រមបានចូលជាស្ថាពរ។

នៅក្នុងសំណុំរឿងនេះ បន្ទាប់ពីសាលក្រមបានចូលជាស្ថាពរ, លោកយាយ ជុំ យ៉េន បានប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ ដោយបានដាក់ពាក្យបណ្ដឹងសើរើទៅកាន់តុលាការកំពូល ហើយសភាព្រហ្មទណ្ឌតុលាការកំពូល តាមរយៈដីកាសម្រេចចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ក៏បានទទួលយកបណ្ដឹងសើរើនេះរួចហើយដែរ ដើម្បីបញ្ជូនទៅសភាពេញអង្គនៃតុលាការកំពូលចាត់ការជាសមត្ថកិច្ច។

បន្ថែមពីនេះទៀត សភាព្រហ្មទណ្ឌ តុលាការកំពូលក៏បានសម្រេចផងដែរ ព្យួរការអនុវត្តទោសលើលោកយាយ ដុំ យ៉េន ដែលជាការបើកផ្លូវឱ្យមាន ការដោះលែងលោកយាយចេញពីពន្ធនាគារនៅថ្ងៃដដែលនោះ។ ការសម្រេចរបស់តុលាការកំពូលព្យួរ ការអនុវត្តទោសលើលោកយាយ ជុំ យ៉េន ត្រូវបានធ្វើឡើង ដោយផ្អែកលើគោលការណ៍មនុស្សធម៌ ក៏ប៉ុន្តែ ការសម្រេចលើអង្គសេចក្ដីជាយ៉ាងណា តុលាការកំពូលនៅមិនទាន់សម្រេចនៅឡើយទេ។

នៅក្នុងសង្គមនីតិរដ្ឋ ការដោះស្រាយបញ្ហាដោយប្រើយន្តការច្បាប់បែបនេះ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម ពិសេស ដើម្បីធានាបាននូវទំនាក់ទំនងសង្គមប្រកបដោយសណ្តាប់ធ្នាប់។ ដូចនេះ អ្វីៗត្រូវអនុវត្តទៅតាមច្បាប់ និងនីតិវិធីជាធរមាន ទៅតាមគន្លងនៃសង្គមនីតិរដ្ឋ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការជេរប្រមាថជាសាធារណៈលើបុគ្គល គឺមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូររបស់បុគ្គល និងប៉ះពាល់ទៅដល់វប្បធម៌ នៃការគោរពគ្នារទៅវិញទៅមកដែលជាទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ប្រជាជាតិខ្មែរនោះទេ ក៏ប៉ុន្តែវាក៏ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសតាមច្បាប់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews