Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ឌិត ទីណា ណែនាំមន្ដ្រីជំនាញចុះស្រាវជ្រាវវែកមុខ ជនណាដែលប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់មាត់ខ្លា ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់

    BY Nisaiy KP December 15, 2024
    លោក ឌិត ទីណា ណែនាំមន្ដ្រីជំនាញចុះស្រាវជ្រាវវែកមុខ ជនណាដែលប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់មាត់ខ្លា ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់

    (សៀមរាប)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានណែនាំមន្ដ្រីជំនាញចុះស្រាវជ្រាវវែកមុខ ជនណាដែលប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់មាត់ខ្លា ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់។

    ការណ៍នេះ ធ្វើឡើងបន្ទាប់ពីលោកបានជួបសំណេះសំណាលជាមួយប្រជានេសាទនៅឃុំកំពង់ភ្លុក ក្នុងខេត្តសៀមរាបរួច ហើយបានបន្តដំណើរទៅកាន់តំបន់មាត់ខ្លា ដែលស្ថិតនៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។

    ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។

    គោលដៅសំខាន់នៃបេសកកម្មរបស់លោករដ្ឋមន្ដ្រី គឺដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់មាត់ខ្លា ចំនួនជាង ១០០នាក់។

    លោក ឌិត ទីណា បានសម្ដែងសេចក្ដីរីករាយ និងអបអរសាទរចំពោះបងប្អូនប្រជានេសាទ ដែលលើកឡើងអំពីទិន្នផលត្រីធម្មជាតិ ដែលចាប់ផ្ដើមសម្បូរឡើងវិញ។ មិនត្រឹមតែសម្បូរជាងមុនទេ បើតាមប្រជានេសាទ ត្រីប្រភេទមួយចំនួនដែលបងប្អូនប្រជានេសាទគិតថា ដាច់ពូជទៅហើយនោះ បានលេចមុខឡើងវិញសារជាថ្មីថែមទៀត។

    តាមរយៈលទ្ធផលជាវិជ្ជមាននេះ លោក ឌិត ទីណា បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទទាំងអស់ ដែលចូលរួមសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ជលផល និងជួយអភិរក្សធនធានជលផលកម្រ។

    លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តឱ្យបងប្អូនប្រជានេសាទបន្តចលនានេះឱ្យបានកាន់តែផុលផុស ដើម្បីធានានិរន្ដរភាពធនធានជលផលធម្មជាតិនៅកម្ពុជា។

    ដោយឡែក ចំពោះបញ្ហាប្រឈមអំពីការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់មួយចំនួន ដែលនៅតែកើតមាននៅក្នុងតំបន់មាត់ខ្លានេះ លោករដ្ឋមន្ដ្រី បានដាក់«គោលការណ៍ឱ្យមន្ដ្រីជំនាញចុះស្រាវជ្រាវវែកមុខ កំណត់អត្តសញ្ញាណឱ្យបាន ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់»។

    លោកក៏បានណែនាំដល់មន្ដ្រីជំនាញអមដំណើរ ឱ្យសិក្សាអំពីមុខរបរកសិកម្មដែលអាចធ្វើបាននៅលើបឹងទន្លេសាប ហើយផ្ទេរចំណេះជំនាញទាំងនោះជូនដល់បងប្អូនប្រជានេសាទអាចប្រកបរបរបន្ថែមពីលើការនេសាទ។

    បើតាមលោករដ្ឋមន្ដ្រី, ការនេសាទអាចជួយឱ្យប្រជាជន «មានហូប» តែមិនអាចឱ្យ «មានបាន» ឡើយ ប្រសិនបើគ្មានការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនចំណូលគ្រួសារផង និងដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានផង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: