ព័ត៌មានជាតិ December 25, 2024

ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ៧.២លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងលើវិស័យនគរូបនីយកម្ម

Liny Chan

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១,០០២ លានយ៉េន (ប្រមាណ៧.២លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» (គម្រោងលើវិស័យនគរូបនីយកម្ម) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

ហិរញ្ញប្បទានឥតសំណងនេះ គូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជំនួយនេះក៏ នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News