ជនរងគ្រោះក្នុងហេតុការណ៍បា.ញ់ប្រហារដ៏ព្រៃផ្សៃពីជនកំ.ណាច ស្រី ស៊ីណា ថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចមហាបវរធិបតី ចំពោះការជួយស្វះស្វែងរកយុត្តិធម៌ជូនពួកគេ
(ភ្នំពេញ)៖ ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារដ៏ព្រៃផ្សៃពីសំណាក់ជនកំណាច ស្រី ស៊ីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្វះស្វែងរកយុត្តិធម៌ជូនពួកគេ។

សំណុំរឿងបាញ់ប្រហារដ៏កក្រើក និងនាំឱ្យមានការតក់ស្លុតយ៉ាងខ្លាំងនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសជនល្មើស ស្រី ស៊ីណា ដោយដាក់ពន្ធនាគាររយៈពេលសរុប ៣១ឆ្នាំ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តទៅដើមបណ្តឹងជាទឹកប្រាក់សរុប ២,៥៥០,០០០ដុល្លារអាមេរិក។ ក្នុងនោះសងសំណងជំងឺចិត្តទៅឪពុកសព ឃីន កញ្ចនា ទឹកប្រាក់ ១លានដុល្លារ និងម្តាយសព ឡុង លីសុង ចំនួន ២លាន និង៥ម៉ឺនដុល្លារ។ សងសំណងជំងឺចិត្តទៅជនរងគ្រោះដែលរងរបួសឈ្មោះ សុខុម ចរណៈ ចំនួន ៣០ម៉ឺនដុល្លារ និងជនរងគ្រោះឈ្មោះ ហុង រិទ្ធារ័ក្ស ចំនួន ២០ម៉ឺនដុល្លារ។
បន្ទាប់ពីទទួលបាននូវសាលក្រម អ្នកស្រី ជា អញ្ជលី ម្តាយសពជនរងគ្រោះ ឡុង លីសុង និងយុវជនដែលរងរបួស បានប្រកាសទទួលយកការសម្រេចនេះ ហើយចាត់ទុកជាការផ្តល់នូវយុត្តិធម៌សម្រាប់ពួកគេ។
ទន្ទឹមនឹងការទទួលការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ គ្រួសាររបស់ជនរងគ្រោះ ក៏ដូចជាជនរងគ្រោះក្នុងសំណុំរឿងបាញ់ប្រហារនេះ បានគោរពថ្លែងអំណរគុណសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់លើសំណុំរឿងនេះតាំងពីដំបូង តាមរយៈការជួយព្យាបាលរបួសពួកគេ និងចាត់បញ្ជូនក្រុមមេធាវី ដឹកនាំដោយលោក គី តិច ការពារក្តីជូនពួកគេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

