បេក្ខជន៨១នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល
(ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថា បេក្ខជន៨១នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល។

នៅក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនេះផងដែរ។
សូមជម្រាបថា ក្នុងចំណោមបេក្ខជនទាំង៨១នាក់នេះ មានបេក្ខជន៣៦នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក។ ដោយឡែកមានបេក្ខជន៤៦នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប។
ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈបានឲ្យដឹងថា ក្នុងរយៈពេល ១មួយ សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។
ចំពោះបេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីនៃ ការរៀបចំផ្តល់ក្របខណ្ឌ ស្របតាមលិខិតបទដ្ឋានជាធរមាន។
ជាពិសេស បេក្ខជនដែលត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌ តម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំង មិនធ្លាប់ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះទោះបី បានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការហើយក៏ដោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News












