ទេសចរស្វីស ២នាក់ ទស្សនាអង្គរវត្តជាលើកដំបូងក្នុងឆាកជីវិត បង្ហាញអារម្មណ៍រីករាយជាខ្លាំង ហើយថាប្រជាជនខ្មែររាក់ទាក់ និងមានវប្បធម៌ល្អ
(សៀមរាប)៖ លោកស្រី ហ្គេទ្រូដ អារណុល ដារហាស៍ និងលោក អាមេដ ដារហាស៍ គឺជាទេសចរបរទេស មកពីប្រទេសស្វីស គឺជាទេសចរបរទេស ដែលបានមកទស្សនាប្រាសាទអង្គរវត្ត ជាលើកដំបូងក្នុងឆាកជីវិត។ ពួកគាត់ បានបង្ហាញពីអារម្មណ៍រំភើបរីករាយជាខ្លាំង ដោយបានមកទស្សនាអច្ឆរយវត្ថុរូបី នៅលើទឹកដីខេត្តសៀមរាប មួយនេះ។

ក្នុងបទសម្ភាសជាមួយ Fresh News នៅមុខប្រាសាទអង្គរវត្ត លោកស្រី ហ្គេទ្រូដ អារណុល ដារហាស៍ បានថ្លែងថា លោកស្រីធ្លាប់ឮពីប្រាសាទអង្គរវត្តយូរហើយ និងទើបតែបានមកទស្សនា លើកទី១ ហើយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្ថាបត្យកម្មនៃសំណង់របស់ប្រាសាទអង្គរវត្ត។ លោកស្រី បាននិយាយថា អ្វីដែលទាក់ទាញបំផុត នៅតំបន់អង្គរវត្ត គឺទម្រង់តួប្រាសាទអង្គរវត្តតែម្តង។
ចំណែកលោក អាមេដ ដារហាស៍ បាននិយាយថា លោកមិនដែលឃើញទីតាំង និងស្ថាបត្យកម្មសំណង់បុរាណដ៏ធំបែបនេះទេពីមុនមកទេ ដែលទីតាំងនេះ មានទាំងប្រាសាទជាច្រើន និងវប្បធម៌រាប់មិនអស។ លោកលើកឡើងថា ការសាងសង់ពីបុរាណ ដែលនាំឲ្យកម្ពុជាទាញផលពីវិស័យទេសចរណ៍ នៅពេលបច្ចុប្បន្ននេះក៏ជារឿងសំខាន់ផងដែរ។
លោកបានបន្តថា អ្វីដែលធ្វើឲ្យគាត់ស្រលាញ់ប្រទេសកម្ពុជា គឺប្រជាជនរួសរាយរាក់ទាក់ និងមានវប្បធម៌ដ៏ល្អ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

