ករណីអ្នកសិល្បៈត្រូវចោរប្លន់នៅខណ្ឌសែនសុខ, តាមពិតយកម៉ូតូទៅលក់ខ្លួនឯង ហើយប្រាប់ក្រុមគ្រួសារថាត្រូវចោរប្លន់
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺករណីផ្សព្វផ្សាយថាតាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់អ្នកសិល្បៈត្រូវចោរប្លន់ច្រើន ដោយថាមិនមានករណីនេះកើតឡើងទេ តាមពិតជាករណីយកម៉ូតូទៅលក់ខ្លួនឯង ហើយប្រាប់ក្រុមគ្រួសារថាត្រូវចោរប្ល-ន់។

នៅក្នុងសំណេរដែលបានបង្ហោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា៖ «កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសិល្បៈត្រូវចោរប្លន់ច្រើន! ខ្ញុំបានឱ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច! ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង (បានលុយ៩៣០ដុល្លា) ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ?
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា «តើត្រូវឱ្យសមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជនដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ? សូមចូលរួមសហការណ៌ជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន»៕


