ព័ត៌មានជាតិ
មនុស្ស ៤នាក់បានបាត់បង់ជីវិត និង ៥នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់គំនរសំរាមដ៏ធំមួយនៅឥណ្ឌូណេស៊ី
BY Liny Chan
March 9, 2026
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់គំនរសំរាមដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែមីនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Bantargebang នៃខេត្ត Java ភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី។
បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា គំនរសំរាមបានបាក់យ៉ាងឆាប់រហ័សនៅម៉ោង ២ និង ៣០នាទី (ម៉ោងក្នុងប្រទេសឥណ្ឌូណេស៊ី) និងបានបាក់សង្កត់មកលើរថយន្តដឹកសំរាម និងតូបលក់អាហារមួយចំនួន ដែលកំពុងបើកដំណើរការនៅក្បែរតំបន់កើតហេតុនោះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមនុស្សចំនួន ៤នាក់ត្រូវស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia