បុរសជនជាតិកូរ៉េ ដែលបានបត់ជើងតូចដាក់ដប ហើយចាក់ចោលនៅ បរិវេណប្រាសាទអង្គរវត្ត បានទទួលស្គាល់កំហុស និងចេញលិខិតសុំទោសប្រជាជន និងប្រទេសកម្ពុជា ចំពោះទង្វើអសីលធម៌ និងមិនសមរម្យរបស់ខ្លួន
(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ អង្គភាពនគបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បុរសជនជាតិកូរ៉េ ដែលបានបត់ជើងតូចដាក់ដប ហើយចាក់ចោលនៅ បរិវេណប្រាសាទអង្គរវត្ត បានទទួលស្គាល់កំហុស និងចេញលិខិតសុំទោសប្រជាជន និងប្រទេសកម្ពុជា ចំពោះទង្វើអសីលធម៌ និងមិនសមរម្យរបស់ខ្លួន។

ចំពោះករណី ខាងលើនេះ អង្គភាពនគរបាលទេចរណ៍ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានកោះអញ្ជើញអ្នកបកប្រែភាសាបន្ត ពីមគ្គុទេ្ទសក៏ទេសចរណ៍សម្រាប់ទេសចរកូរ៉េ មកធ្វើការអប់រំណែនាំ ធ្វេីកិច្ចសន្យា និងលិខិតសុំទោសជាសាធារណៈ លើករណីដែលគាត់បានបន្ទោបង់ (នោមដាក់ដប) នៅបរិវេណផ្លូវចូលខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត ដោយមូលហេតុគាត់មានជំងឺខ្សោយតម្រងនោមរ៊ាំរ៉ៃ មិនអាចគ្រប់គ្រងការបន្ទោបង់របស់គាត់បានទាន់ពេលវេលា។
ជាចុងក្រោយគាត់បានធ្វើកិច្ចសន្យា ហើយចេញវីដេអូសុំទោសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ដេីម្បីកុំឱ្យមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូនៃប្រាង្គប្រាសាទ ភ្ញៀវទេសចរ ប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គាត់បានស្ម័គ្រចិត្តប្រគល់អាជ្ញាប័ណ្ណមកឲ្យខាងមន្ទីរទេសចរណ៍ ដើម្បីរក្សាទុកបណ្តោះអាសន្ន។ ហើយពេលព្យាបាលបានធូស្រាលពីជំងឺគាត់នឹងស្នេីសុំការសម្រេចជាថ្មីពីស្ថាប័នជំនាញ។ អាស្រ័យហេតុនេះសូមសាធារណ:ជនមេត្តាជ្រាប៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត





