ព័ត៌មានជាតិ April 21, 2025

ក្លិបវិសាខា បញ្ជាក់ពីករណី កីឡាករ ទេស សម្បត្តិ

Liny Chan

(ភ្នំពេញ)៖ កីឡាករ ទេស សម្បត្តិ ខ្សែការពារក្រុមបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាព ក្នុងវ័យ ២៥ឆ្នាំ កាលពីម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍(ធ្លាក់ទឹក)។ នេះបើយោងតាមការជូនដំណឹងផ្លូវការរបស់ក្លិបបាល់ទាត់ វិសាខា មុននេះ ដោយក្លិបបានចាត់ទុកមរណភាពរបស់ សម្បត្ដិ គឺជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី ឪពុក និងជាសមាជិកគ្រួសារ ប្រកបដោយព្រហ្មវិហារធម៌។

ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា «តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ និងកីឡាករ-កីឡាការិនីទាំងអស់ នៃក្លិបកីឡាបាល់ទាត់ វិសាខា ពិតជាមានសេចក្ដីក្ដុកក្ដួលរន្ធត់តក់ស្លុតជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់កីឡាករ ទេស សម្បត្តិ។ ពួកយើងទាំងអស់គ្នា ពិតជាមានការសោកស្ដាយជាអនេក ចំពោះការបាត់បង់នូវធនធានកីឡាករដ៏សំខាន់របស់កម្ពុជា នាពេលនេះ»។

«ពួកយើងទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពរបស់កីឡាករ ទេស សម្បត្តិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្បត្តិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

គួរដឹងថា កីឡាករ ទេស សម្បត្តិ បានផ្ដើមអាជីពបាល់ទាត់ដំបូង នៅសាលាបាល់ទាត់ជាតិបាទី ចន្លោះឆ្នាំ២០១៤-២០១៨ ក្រោយបញ្ចប់ការបណ្ដុះបណ្ដាលនៅបាទី កីឡាករមានដើមកំណើតនៅខេត្តតាកែវ បានចូលរួមជាមួយក្លិបបឹងកេត ដែលជាទីធ្វើឲ្យរូបគេកសាងកេរ្ដិ៍ឈ្មោះក្នុងវិថីបាល់ទាត់ ចន្លោះឆ្នាំ២០១៨-២០២១ ហើយបន្ដផ្ទេរមកលេងឲ្យវិសាខា នៅឆ្នាំ២០២១ ដល់បច្ចុប្បន្ន ខណៈមួយរយៈចុងក្រោយដែលមានបញ្ហារបួស បានធ្វើឲ្យខ្សែការពារឆ្នើមរូបនេះ មិនសូវបានលេងជាប់លាប់ និងខកខានជាប់ជម្រើសជាតិផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News