ពេទ្យថៃប្រាប់តុលាការថា លោក Thaksin អត់ឈឺធ្ងន់ទេ អំឡុងអនុវត្តទោសជាប់ឃុំ
(បាងកក)៖ វេជ្ជបណ្ឌិតម្នាក់មកពីមន្ទីរពេទ្យប៉ូលិសថៃ Police General Hospital បានប្រាប់តុលាការ កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា ២០២៥ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra គួរណាស់តែត្រឡប់ទៅកាន់ពន្ធគារវិញ បន្ទាប់ពីទទួលបានការព្យាបាលបឋម។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post។

វេជ្ជបណ្ឌិត លោក Chana Jongchokdee ដែលជាគ្រូពេទ្យប្រចាំការម្នាក់ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បាននិយាយថាលោកគឺជាគ្រូពេទ្យដំបូងគេដែលបាន ត្រួតពិនិត្យសុខភាពលោក Thaksin ក្រោយអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានផ្ទេរចេញពីពន្ធនាគារដោយសារបញ្ហាសុខភាព។ លោក Thaksin ត្រូវបានរាយការណ៍ថាមាន ជំងឺច្រើនមុខ និងតម្រូវឱ្យពិគ្រោះយោបល់ជាមួយពេទ្យឯកទេសបេះដូង។ លោក Chana បានប្រាប់តុលាការព្រហ្មទណ្ឌថៃថាបើទោះជាត្រូវបានផ្ដល់យោបល់ឱ្យទទួល ការវះកាត់ក៏ដោយ លោក Thaksin បានបដិសេធការវះកាត់។
តុលាការថៃកំពុងស៊ើបអង្កេតថាតើការអនុវត្តទោសជាប់ពន្ធនាគាររបស់លោក Thaksin បានប្រព្រឹត្តដោយត្រឹមត្រូវដែរឬក៏យ៉ាងណា ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា រូបលោកទទួលបានការមើលថែជាពិសេស និងមិនចាំបាច់ត្រូវសម្រាកដល់ទៅ ៦ខែក្នុងមន្ទីរពេទ្យប៉ូលិសនោះទេ។ ប្រសិនបើតុលាការរកឃើញថាការអនុវត្តទោសក្នុងពន្ធនាគារ ត្រូវបានអនុវត្តមិនត្រឹមត្រូវ នោះតុលាការអាចនឹងចេញបញ្ជាឱ្យនាំខ្លួនលោក Thaksin ទៅដាក់ពន្ធនាគារវិញ។ លោក Chana បានផ្ដល់សក្ខីកម្មកាលពីថ្ងៃសុក្រ ចំពោះមុខ តុលាការដោយនិយាយថារាល់ការព្យាបាលទាំងអស់ត្រូវបានអនុវត្តទៅតាមក្រិតក្រមវេជ្ជសាស្ត្រ តែរូបលោកមិនបានដឹងពីរបៀបរបបផ្ទេររវាងពន្ធនាគារ និងមន្ទីរពេទ្យ នៅខាងក្រៅនោះទេ។
ជាមតិក្នុងនាមជាវេជ្ជបណ្ឌិត លោកយល់ថាស្ថានភាពសុខភាពរបស់លោក Thaksin មានភាពនឹងនរភ្លាមៗ ក្រោយត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យប៉ូលិស ហើយពេលនោះ លោកគួរណាស់តែត្រឡប់ទៅពន្ធគារវិញ។ លោក Chana ក៏បានសង្កេតឃើញដែរថាលោក Thaksin អាចអង្គុយលើសាឡុងអង្គុយក្នុងបន្ទប់របស់លោក ជាជាងដេកនៅលើ គ្រែអ្នកជំងឺ។
គួរបញ្ជាក់ថា តុលាការព្រហ្មទណ្ឌថៃ នឹងបើកសវនាការជាថ្មី នៅថ្ងៃទី២៥ ខែកក្កដា ដើម្បីស្ដាប់សក្ខីកម្មពីក្រុមអ្នកតំណាងនៃគណៈគ្រូពេទ្យថៃ។ លោក Thaksin មានអាយុ ៧៥ឆ្នាំ ត្រូវតុបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ និងក្រោយមកត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយទោសមកនៅត្រឹម១ឆ្នាំ បន្ទាប់ពីធ្វើមាភូមិនិវត្តន៍មកកាន់ប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០២៣។ លោកបានជាប់ឃុំក្នុងពន្ធនាគារប៉ុន្មានម៉ោងតែប៉ុណ្ណោះ និងត្រូវបានផ្ទេរចេញទៅមន្ទីរពេទ្យប៉ូលិសក្រោមហេតុផលបញ្ហាសុខភាព ហើយបន្ទាប់មក ត្រូវបានដោះលែងឱ្យក្រៅឃុំ។
នៅក្នុងប្រទេសថៃ អ្នកទោសមានសិទ្ធិទទួលបានការព្យាបាលនៅខាងក្រៅពន្ធនាគារក្នុងរយៈពេល១២០ថ្ងៃ ប៉ុន្តែលោក Thaksin ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅក្នុងមន្ទីរពេទ្យ ដល់ទៅ ១៨០ថ្ងៃ ដោយសំអាងថាលក្ខខណ្ឌក្នុងពន្ធនាគារអាចគំរាមកំហែងដល់អាយុជីវិតរបស់លោក។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកស៊ើបអង្កេតបានប្រាប់ គណៈកម្មាធិការមួយរបស់រដ្ឋសភាថៃថាលោក Thaksin បានចំណាយប្រាក់លើការស្នាក់នៅ ៦ខែក្នុងមន្ទីរពេទ្យប៉ូលិស ក្នុងនោះរួមមានបន្ទប់ VIP ដោយមួយយប់ត្រូវចំណាយ ៨៥០០បាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


