ព័ត៌មានជាតិ July 24, 2025

នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ថានឹងជជែកជាមួយមេដឹកនាំកម្ពុជានិងថៃ ក្នុងថ្ងៃព្រហស្បតិ៍នេះ

Liny Chan

(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ី លោក Anwar Ibrahim បានបង្ហាញក្តីបារម្ភអំពីការកើនឡើងកម្តៅយ៉ាងខ្លាំង នៃបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដោយលោកបាននិយាយថា រូបលោកនឹងសន្ទនាជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥។

លោក Anwar បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំងពីរ គឺយ៉ាងហោចណាស់ ត្រឹមឱ្យពួកគេផ្អាកការប្រយុទ្ធគ្នា ហើយព្យាយាមស្វែងរកផ្លូវចរចា»។ បច្ចុប្បន្នម៉ាឡេស៉ី មានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន ដែលមានកម្ពុជានិងថៃស្ថិតក្នុងចំណោមរដ្ឋសមាជិក។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីបំផុតកងទ័ពថៃបានវាយប្រហារឈ្លានពានមកលើកម្ពុជាមុន នៅតាមបណ្តោយព្រំប្រទល់រវាង​ប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជាគ្មានជម្រើសអ្វី ក្រៅតែពីវាយបកតបតទៅលើខ្មាំងសត្រូវឈ្លានពានរបស់ខ្លួនវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News