Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ

    BY Liny Chan June 30, 2026
    ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ពីថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាងបីខែកន្លងមកនេះ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្តើរៗ ។

    យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងព្រះបរមរាជវាំងផ្សាយចេះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។

    ក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ បានបន្តថា យោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប៉េកាំង សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រោសព្រះរាជទាន ក្រុមគ្រូពេទ្យពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពជាបន្តទៀត នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ។

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងយាងមកគង់ប្រថាប់នៅ ក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិ វិញ ។

    ជាមួយគ្នានេះ ព្រះអង្គទាំងទ្វេ សូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយ ប្រគេនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក និងពេលបច្ចុប្បន្នបានថ្វាយព្រះសព្វសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គទាំងទ្វេ បានឆាប់ជា សះស្បើយពីព្រះរោគាពាធ សូមព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់នៅក្នុងភាពសុខ ក្សេមក្សាន្ត ជាដរាបតរៀងរហូតទៅ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: