ព័ត៌មានជាតិ July 25, 2025

សាលារៀនប្រមាណ ២៦០ទីតាំង​ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង ដោយសារការឈ្លានពាន​របស់ថៃ

Liny Chan

​(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ សាលារៀនប្រមាណ ២៦០ទីតាំង​ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង ដោយសារការឈ្លានពាន​ទាំងកម្រោលរបស់ថៃ ដែលបាន​ចាប់ផ្តើមឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមលោក មាស ម៉េត ភក្តី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ។

លោកបានបញ្ជាក់ថា «ដោយសារចោរឈ្លានពានល្មោភសង្គ្រាម ឃ្លានទឹកដីគេសាលារៀនទាំងអស់ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង»

អមជាមួយនឹងរូបភាពដែលបង្ហាញពីភាពស្ងាត់ជ្រងំ នៅក្នុងអនុវិទ្យាល័យសម្តេច ហ៊ុន សែន ចុងកាល់ លោកបានលើកឡើងថា ការវាយប្រហារនូវអាវុធធុនធ្ងន់របស់ថៃ បានធ្វើឱ្យអាណាព្យាបាល និងសិស្សានុសិស្សមានភាពភ័យខ្លាច និងមិនអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមករៀនឡើយ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ គិតត្រឹមពេលថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដានេះ ជនភៀសសឹកសរុបចំនួន ៣ ៤៣៦គ្រួសារក្នុងខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពទាំងអស់។

ព្រមជាមួយគ្នានេះ លោកបានឱ្យដឹងដែរថា ​គិតត្រឹមព្រឹកនេះ មានប្រជាពលរដ្ឋជាជនស៊ីវិលស្លូតត្រង់ម្នាក់ បានរងគ្រោះថ្នាក់ដល់អាយុជីវិត និង ៥នាក់ទៀតរងរបួស ដែលបង្កដោយការឈ្លានពានរបស់ទ័ពថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News