សារព័ត៌មាន Reuters: ថៃ ទាត់ចោលសំណើរបស់អាមេរិក ចិន និងម៉ាឡេស៊ី ដែលចង់ជួយសម្របសម្រួលបញ្ចប់ជម្លោះជាមួយកម្ពុជា
(បាងកក)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានរាយការណ៍ថា ថៃបានទាត់ចោលកិច្ចសម្របសម្រួលពីប្រទេសទី៣ ដើម្បីបិទបញ្ចប់ជម្លោះជាមួយកម្ពុជា ដោយទទូចឱ្យកម្ពុជាបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានការណ៍តាមរយៈកិច្ចចរចាទ្វេភាគីតែប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើក្រសួងការបរទេសថៃ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura បានប្រាប់ Reuters ថា សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ីដែលបច្ចុប្បន្នជាប្រធានប្ដូរវេនអាស៊ាន បានស្នើជួយសម្របសម្រួល ឱ្យមានកិច្ចសន្ទនា ប៉ុន្តែទីក្រុងបាងកកចង់ស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះតាមយន្ដការទ្វេភាគី។
«ខ្ញុំមិនគិតនោះទេថាយើងត្រូវការការសម្របសម្រួលពីប្រទេសទី៣»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
