TOP NEWS: អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង១១៖១១នាទី ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជាឡើយ, ទ័ពកម្ពុជាឈរជើងការពារយ៉ាងរឹងមាំ
(ភ្នំពេញ)៖ គិតត្រឹមម៉ោង១១៖១១នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ ពោលកងទ័ពកម្ពុជានៅបន្ដឈរជើងការពារបានយ៉ាងរឹងមាំបំផុត និងបាញ់បណ្ដេញខ្មាំងសត្រូវឲ្យរត់ចេញទៅវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតនៅតាមបណ្ដាញសង្គមមួយចំនួន ពាក់ព័ន្ធស្ថានភាពនៅព្រំដែនតំបន់ភ្នំទ្រព្យ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអះអាងថា មកទល់ម៉ោងនេះ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កមុ្ពុជា កំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
