CMAC អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់បង្កដោយគ្រាប់បែកចង្កោមរបស់ទាហានថៃ ដែលច្បាប់អន្តរជាតិហាមឃាត់
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់តំបន់រងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម ក្នុងស្រុកមួយចំនួននៃខេត្តឧត្តរមានជ័យ និងព្រះវិហារ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់បែកចង្កោមរបស់ទាហានថៃ ដែលប្រើប្រាស់ក្នុងរយៈពេល៥ថ្ងៃ នាពេលកន្លងមកនេះ។

បើតាមលោក ហេង រតនា, ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់ មានកូនគ្រាប់បែកចង្កោម M46 នេះចំនួន៥៦។ កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។
កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខាងលើនេះ នៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក ហេង រតនា បានអំពាវនាវថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយត្ន័ខ្ពស់ នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម នៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ»។
សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោម បានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានឃើញ ឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៉ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន។
សូមជូនប្រជាពលរដ្ឋទាំងអស់ មេត្តាធ្វើទំនាក់ទំនងមកមន្ត្រីជំនាញអង្គភាពស៉ីម៉ាក់ដោយផ្ទាល់ ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅទិសខេត្តប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ តាមរយៈលេខទូរស័ព្ទ៖
– ឧត្តមសេនីយ៍ត្រី អ៊ាន សុធា៖ 097 222 2735 សម្រាប់ទិសខេត្តប្រាសាទព្រះវិហារ។
- ឧត្តមសេនីយ៍ត្រី នេត រដ្ឋា៖ 097 200 1141 សម្រាប់ទិសខេត្តឧត្តរមានជ័យ
– សម្រាប់ជំនួយបន្ថែមផ្សេងៗ សូមទាក់ទងឧត្តមសេនីយ៍ត្រី កែវ សារ៉ាត់ 097 200 1406















