ព័ត៌មានជាតិ August 12, 2025

ក្រសួងទេសចរណ៍ និងស្ថានទូតសហភាពអឺរ៉ុប ពិភាក្សាពីលទ្ធភាពបង្កើតគម្រោងអេកូទេសចរណ៍តាមសហគមន៍ ដែលជាផលិតផលទេសចរណ៍មានតម្លៃបន្ថែម និងទទួលការគាំទ្រពីភ្ញៀវអឺរ៉ុប

Liny Chan

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងទេសចរណ៍។

ជំនួបនេះពិភាក្សាផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើ ការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ រួមគ្នាលើគម្រោងអេកូទេសចរណ៍ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ការជួយភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ ការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការជួយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អឺរ៉ុបពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកប្រទេសកម្ពុជា និងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋអឺរ៉ុបឱ្យបានទូលំទូលាយ។

ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្រី្ត ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលធំៗ និងមានសារៈសំខាន់ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសគឺគម្រោងជួយអភិរក្សតំបន់ទន្លេសាប «ទន្លេសាបយើង» ដែលសម្រេចបានក្នុងអាណត្តិបេសកកម្មរបស់ លោកឯកអគ្គរដ្ឋទូត ជាពិសេសក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចំពោះប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរ តាមរយៈវីដេអូឃ្លីបរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ដែលបង្ហាញពីការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ព្រះរាជពិធីបុណ្យអុំទូក និងបុណ្យភ្ជុំបិណ្ឌរបស់ប្រជាជនកម្ពុជា។

ថ្លែងក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ជូន លោករដ្ឋមន្រ្តីពី ការជួយគាំទ្ររបស់សហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជា ដែលតែងតែបន្តជួយប្រទេសកម្ពុជារហូតមក គឺចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ និងការផ្តល់ជំនួយអភិវឌ្ឍន៍លើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៧ ដល់សព្វថ្ងៃនេះ។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ រដ្ឋមន្ត្រី ហួត ហាក់ និងលោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវទស្សនៈរូមគ្នាថាទេសចរណ៍ ជាកត្តាជួយបង្កើនទំនាក់ទំនងប្រទេស និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបកាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។ កំណើនចំនួនភ្ញៀវទេសចរពីសហភាពអឺរ៉ុបមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជាដែលធ្វើកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់ភ្ញៀវទេសចរ និងធុរជនពីសហភាពអឺរ៉ុប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News