ព័ត៌មានជាតិ August 15, 2025

ក្រសួងការបរទេសកម្ពុជាតវ៉ា ចំពោះការចូលលុកលុយរបស់កងកម្លាំងថៃចូលមកដែនអធិបតេយ្យរបស់កម្ពុជា

Naren

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា ក្រសួងការបរទេសកម្ពុជាតវ៉ា ចំពោះការចូលលុកលុយរបស់កងកម្លាំងថៃចូលមកដែនអធិបតេយ្យរបស់កម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យរូបនេះ បានបន្តថា សកម្មភាពរបស់ថៃ បានពង្រីកដែនជម្លោះមកដល់ប្រជាពលរដ្ឋស៊ីវិល ដែលក្នុងនោះមាននៅក្នុងភូមិជោគជ័យ និងព្រៃចាន់ ដែលបង្ខំឱ្យពលរដ្ឋត្រូវផ្លាស់ប្តូរទីលំនៅ។

លោកក៏បានចាត់ទុកថា ទង្វើនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ កម្ពុជាអំពាវនាវឱ្យថៃឈប់លុកលុយ និងកាន់កាប់ដោយខុសច្បាប់ ហើយដកកងទ័ពទៅទីតាំងដោយសមស្រប ហើយដែលកំណត់ដោយច្បាប់។

លោកបានបញ្ជាក់យ៉ាងដូច្នេះ «ការអំពាវនាវរបស់កម្ពុជា ចំពោះប្រទេសថៃ។ បញ្ឈប់នូវការលុកលុយ និងការកាន់កាប់ដោយខុសច្បាប់។ ដករាល់កម្លាំងយោធា និងរាល់សម្ភារៈរបស់ខ្លួន ទៅកាន់ទីតាំងដែលសមស្រប ទៅនឹងព្រំប្រទល់ដែលបានកំណត់ដោយច្បាប់»

កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងចំណុចទី២ គឺភាគីទាំងពីរ ព្រមព្រៀងរក្សាទុកស្ថានភាពទាហានឲ្យនៅទីតាំងបច្ចុប្បន្នដដែល ដោយមិនធ្វើសកម្មភាពបន្ថែមទៀត ដូចដែលបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង ២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងសងខាង ក៏មិនត្រូវមានចលនាទាហានណាមួយទេ រួមទាំងការដើរល្បាតទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News