ក្រសួងទេសចរណ៍ អំពាវនាវប្រតិបត្តិករទេសចរណ៍ កុំឡើងថ្លៃទំនិញអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅថ្ងៃទី២៨-២៩ ខែសីហាខាងមុខ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីអំពាវនាវ ចំពោះប្រតិបត្តិករទេសចរណ៍ ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
យោងតាមសេចក្ដីអំពាវនាវ បានឲ្យដឹងថា ក្រសួងទេសចរណ៍ សូមជម្រាបជូន ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត មេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍-សុក្រ ៥-៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅ ទូទាំងប្រទេស។

អនុរក្ស និងសិស្សានុសិស្សអាចចាំបាច់ត្រូវបន្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡង ផ្សេងៗដែលនៅឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។ ក្រសួងទេសចរណ៍ សូមធ្វើការអំពាវនាវដល់ ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ទាំងអស់ ជាពិសេសអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន អ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងកុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។
ក្រសួងទេសចរណ៍សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នក គ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត ចូលរួមសហការ និងអនុវត្តតាម សេចក្តីអំពាវនាវខាងលើឱ្យបានល្អប្រកបដោយការយោគយល់ខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

