ព័ត៌មានជាតិ September 7, 2025

វិនិយោគិនមកពីមជ្ឈឹមបូព៌ា ចាប់អាម្មរណ៍ស្វែងយល់ពីសក្តានុពលទេសចរណ៍ម៉ូស្លីម ​(Muslim Friendly Tourism) និងវិនិយោគនៅកម្ពុជា

Naren

(វៀតណាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ក្រុមវិនិយោគិនពីបណ្តាមជ្ឈិមបូព៌ា ដែលកំពុងប្រកបអាជីវកម្មលើគ្រប់ផ្នែក នៅទីក្រុងហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្សព្វផ្សាយពីសភាពការណ៍ពិតអំពីនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងកាលានុវត្តវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណដល់ក្រុមវិនិយោគិនដែលបានចាប់អាម្មរណ៍ពី សក្តានុពលទេសចរណ៍ ពិសេសគឺទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និងកាលានុវត្តវិនិយោគនៅកម្ពុជា ដោយលោករដ្ឋមន្រ្តីបានគូសបញ្ជាក់ពី កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សុខសុវត្ថិភាពផ្តល់ជូនដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ យន្តការលើកទឹកចិត្ត និងការធានាជូនវិនិយោគិន សក្តានុពលទេសចរណ៍ដ៏មានសន្ទុះខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះឡើង ព្រមទាំងមានកម្លាំងពលកម្មដែលសកម្ម និងប្រកបដោយគុណភាព ហេដ្ឋារចនាសម្ព័ន្ធបានអភិវឌ្ឍល្អប្រសើរ។

រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសនេះបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានា ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា ជាពិសេសគឺបានត្រៀមខ្លួនជាស្រេចលើការទទួលបដិសណ្ឋារកិច្ចទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism)៕ ផ្ដល់សិទ្ធិដោយ៖ Freshnews