Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ គិតត្រឹមខែតុលា ឆ្នាំ២០២៥ ករណីមរណភាពមាតាចំនួន៤១ ថយចុះបើប្រៀបធៀបក្នុងឆ្នាំ២០២៤ ចំនួន៧៩ករណី

    BY Liny Chan November 24, 2025
    មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ គិតត្រឹមខែតុលា ឆ្នាំ២០២៥ ករណីមរណភាពមាតាចំនួន៤១ ថយចុះបើប្រៀបធៀបក្នុងឆ្នាំ២០២៤ ចំនួន៧៩ករណី

    (ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ករណីមរណភាពមាតាចំនួន៤១ ដែលមានការថយចុះបើប្រៀបធៀបក្នុងឆ្នាំ២០២៤ ចំនួន៧៩ករណី និង មរណភាពទារកជុំវិញកំណើតចំនួន១១៥។

    ការថ្លែងយ៉ាងដូចច្នេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុង«វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់ថ្នាក់រាជធានី-ខេត្ត» ដែលប្រព្រឹត្ដទៅចំនួន ៥ថ្ងៃទី២៤-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិគាំពារ មាតានិងទារក។

    លោកស្រីសាស្ដ្រាចារ្យបានថ្លែងបន្ដថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើតនិងការឆ្លើយតប (MPDSR) សម្រាប់ថ្នាក់រាជធានី-ខេត្តទាំង៥ បានរៀបចំដោយក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌលជាតិគាំពារ មាតានិងទារក ដែលគាំទ្រថវិកា និងបច្ចេកទេសដោយអង្គការ UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ។

    ក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះក៏ជាលើកទី៤ហើយ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់គណៈកម្មការ MPDSR ថ្នាក់រាជធានី-ខេត្តទាំង៥ ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ដើម្បីពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងលើក កម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារកនៅកម្ពុជា។

    លោកស្រីបានថ្លែងបន្ដថា ការបណ្តុះបណ្តាលនេះនឹងធ្វើឱ្យសម្រេចនូវគោលដៅក្នុងការអនុវត្តប្រព័ន្ធ MPDSR ថ្មីនៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៥ នេះតទៅ ខណៈដែលក្រុមការងារបានធ្វើឱ្យមានវឌ្ឍនភាពក្នុងការពង្រឹងប្រព័ន្ធ MPDSR ចាប់តាំងពីការបណ្តុះបណ្តាលក្នុងខែមីនាឆ្នាំ២០២១៥ រហូតមកដល់បច្ចុប្បន្ន។

    «ជាសក្ខីភាពយើងបានសម្រេចសមិទ្ធិផលជាច្រើនរួមមាន លើករណីមរណភាពមាតានិងទារក ក្នុងឆ្នាំ២០២៥ ត្រូវបានកំណត់អត្តសញ្ញាណ ប្រមូលព័ត៌មាន ពិនិត្យរួមគ្នា ធ្វើផែនការឆ្លើយតប តាមដាន និងរាយការណ៍មកថ្នាក់ជាតិ និងក្រសួងសុខាភិបា លដោយហ្មត់ចត់ ដែលមានការចូលរួមពីផ្នែកពាក់ព័ន្ធទាំងអស់។ ជាក់ស្ដែងគិតត្រឹមខែតុលា ឆ្នាំ២០២៥ ករណីមរណភាពមាតាចំនួន៤១ ដែលមានការថយចុះបើប្រៀបធៀបក្នុងឆ្នាំ២០២៤ ចំនួន៧៩ករណី និងមរណភាពទារកជុំវិញកំណើតចំនួន១១៥ ។លទ្ធផលនេះឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់យើងទាំងអស់គ្នា»។

    លោកស្រីសាស្ដ្រាចារ្យបានថ្លែងបន្ដថា កត្តា៣យ៉ាងដែលធ្វើឱ្យប្រព័ន្ធ MPDSR ជោគជ័យ គឺគណនេយ្យភាព, ការទុកចិត្តឬការមិនស្តីបន្ទោសគ្នា និងកិច្ចសហការរវាងបុគ្គលិកសុខាភិបាលទាំងអស់រួមមានផ្នែកសម្ភព ផ្នែកពោធនកម្មទារក ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកថ្នាំសណ្តំ ផ្នែកកែលម្អរគុណភាពរបស់មន្ទីរពេទ្យ និងផ្នែកសុខភាពមាតាទារករបស់មន្ទីរសុខាភិបាល ដើម្បីកំណត់ឬសគល់នៃបញ្ហា និងធ្វើផែនការកែលម្អរ ដើម្បីទប់ស្កាត់ករណីមរណភាពដែលអាចជៀសវាងបាននាពេលខាងមុខ។

    ទោះបីជាមានវឌ្ឍនភាពទាំងនេះក៏ដោយ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងគូសរម្លឹកថា «យើងក៏នៅតែជួបប្រទះផងដែរនូវបញ្ហាប្រឈមមួយចំនួនដែលទាមទារឲ្យយើងត្រូវធ្វើការកែសម្រួលទម្រង់របាយការណ៍ជាបន្ទាន់ និងដាក់ឲ្យប្រើប្រាស់ ដើម្បីជៀសវាការភាន់ច្រឡំ។ ជាងនេះទៅទៀតគឺការរាយការណ៍នូវរបាយការណ៍វេជ្ជសាស្ត្របឋមនៅមានភាពយឺយយ៉ាវ, របាយការណ៍៧២ម៉ោង ដែលផ្ញើមកគណ:កម្មការថ្នាក់ជាតិនៅមិនទាន់គ្រប់ជ្រុងជ្រោយ ពិសេសទារកស្លាប់កើត នៅតែជាបញ្ហាចម្បង តាមលទ្ធផលនៃការពិនិត្យក្នុងឆ្នាំ២០២៥ ក្នុងចំណោមករណី ស្លាប់ ១១៥ បង្ហាញថាវាទាក់ទងយ៉ាងជិតស្និតនឹងគុណភាពនៃការពិនិត្យផ្ទៃពោះ និងការយឺតយ៉ាវក្នុង ស្វែងរកសេវាថែទាំ»។

    ដូច្នេះលោកស្រីរដ្ឋលេខាធិការ ជំរុញដល់សិក្ខាកាមទាំងអស់ត្រូវពង្រឹងឡើងវិញនូវគុណភាពនៃការផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃ ពោះដោយធ្វើយ៉ាងណាត្រូវចំណាយពេលវេលាឱ្យបានសមស្របជាមួយស្ត្រី និងផ្តល់សារអប់រំឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ដល់ស្ត្រីនិងក្រុមគ្រួសារ មុនពេលចាកចេញពីមូលដ្ឋានសុខាភិបាល។

    លោកស្រីសាស្ដ្រាចារ្យបានអំពាវនាវដល់អង្គសិក្ខាសាលាទាំងអស់ដែលអញ្ជើញមកពីមន្ទីរសុខាភិបាល និងមន្ទីរពេទ្យ រាជធានី-ខេត្តទាំង៥ មេត្តាចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ដើម្បីប្រើប្រាស់បទ ពិសោធន៍ទាំងក្នុងការពិនិត្យនិងធ្វើផែនការឆ្លើយតបឲ្យបានទូលំទូលាយ និងបន្តបណ្តុះបណ្តាលដល់ បុគ្គលិកមន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្ត-ស្រុក ដែលពាក់ព័ន្ធទាំងអស់នៅក្នុងដែនសមត្ថភាពរបស់ខ្លួន។

    ក្រសួងសុខាភិបាលបន្តគាំទ្រ និងពង្រឹងគុណភាពនៃផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីៗពីប្រព័ន្ធពិនិត្យមរណភាពមាតា-ទារក និងការឆ្លើយតប និងពង្រីក ប្រសិទ្ធភាពនៃប្រព័ន្ធនេះ ទៅគ្រប់មូលដ្ឋានសុខាភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីចូលរួមសម្រេចឱ្យបាននវគោលដៅនៃរបៀបវារៈសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងគោលដៅគ្របដណ្តប់សុខភាពជាសកល (UHC) ត្រឹមឆ្នាំ២០៣០។

    សូមជម្រាបថាវគ្គបណ្ដុះបណ្ដាលខាងលើនេះមានការអញ្ជើញចូលរួមពីតំណាងរងអង្គការ UNFPA ប្រចាំកម្ពុជា, តំណាងពីក្រសួងសុខាភិបាល, លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, គ្រូបង្គោលថ្នាក់ជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប, គ្រូបង្គោលមន្ទីរពេទ្យជាតិទាំង៥ (មន្ទីរពេទ្យកាល់ម៉ែត មជ្ឈមមណ្ឌលជាតិគាំពារមាតាទារក ព្រះអង្គឌួង មន្ទីរពេទ្យជាតិ តេជោសន្តិភាព មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ប្រធាន/អនុប្រធានមន្ទីរសុខាភិបាល រាជធានី ខេត្ត និងមន្ទីរពេទ្យខេត្តទាំង៥ (រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង, WHO និងតំណាងអង្គការដៃគូអភិវឌ្ឍអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: