សមត្ថកិច្ចនាំខ្លួនបុគ្គល២នាក់ ដែលជិះម៉ូតូតាមបិទគូថឡានឧកញ៉ា ធាង ទ្រី ហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសមរម្យ និងកាក់ឡានពលរដ្ឋតាមដងផ្លូវ
(ភ្នំពេញ)៖ បុគ្គល២នាក់ដែលជាអង្គរក្ស ជិះម៉ូតូតាមការពារឡានឧកញ៉ា ធាង ទ្រី ពីក្រោយហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសរម្យ និងកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវនោះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសួរនាំ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ការនាំខ្លួនបុគ្គលទាំង២នាក់ទៅសួរនាំ បន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពមិនគួរគប្បីរបស់ពួកគេ ដែលជិះម៉ូតូតាមការពារឡានមួយគ្រឿង ម៉ាក Land Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលគេស្គាល់ម្ចាស់ឈ្មោះ ធាង ទ្រី និងមានងារជាឧកញ៉ាថែមទៀត។ ពួកគេទាំង២នាក់ បានកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ និងជេរប្រមាថដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងព្រមានមិនឲ្យបើកក្បែរឡានមេកើយរបស់ខ្លួន។
បន្ទាប់ពីឃើញសកម្មភាពបែបនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទាំងយប់ឲ្យសមត្ថកិច្ចជំនាញ ធ្វើការកោះហៅបុគ្គលទាំង២នាក់នេះមកធ្វើការសួរនាំ ខណៈលោកក៏បានអះអាងថា សកម្មភាពបែបនេះលោកពិតជាមិនអាចទទួលយកបានឡើយ ហើយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




