Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វផ្សោត នៅកម្ពុជាអាចនឹងមានកំណើនខ្ពស់នៅឆ្នាំ២០២៦

    BY Liny Chan April 30, 2026
    សត្វផ្សោត នៅកម្ពុជាអាចនឹងមានកំណើនខ្ពស់នៅឆ្នាំ២០២៦

    អាជ្ញាធរខេត្តក្រចេះបានឲ្យដឹងថា គ្រាន់តែរយៈពេល៤ខែសោះ កំណើនកូនសត្វផ្សោតបានឡើងដល់ចំនួន៦សម្រាប់ដើមឆ្នាំ២០២៦នេះ។ ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីកូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

    កំណើនកូនសត្វផ្សោតនៅដើមឆ្នាំ២០២៦នេះ បានដល់ក្តីសង្ឃឹមថា សត្វផ្សោតអាចនឹងមានកំណើនគួឲ្យចាប់អារម្មណ៍នៅឆ្នាំនេះ ព្រោះទើបតែរយៈពេល៤ខែតែការបង្កើតកូនរបស់សត្វផ្សោតបានចំនួនរហូត៦ ខណៈរយៈពេលពេញមួយឆ្នាំកាលពីឆ្នាំ២០២៥ ការបង្កើតកូនរបស់សត្វផ្សោតបានតែចំនួន ៦ក្បាល ។ ហើយយោងតាមរបាយការណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០២១ កូនផ្សោតកើតថ្មី ៦ក្បាល នៅឆ្នាំ២០២២ កូនផ្សោតកើតថ្មីមាន ៦ក្បាល នៅឆ្នាំ២០២៣ មានផ្សោតកើតថ្មី ៨ក្បាល និងនៅឆ្នាំ២០២៤ ផ្សោតកើតមាន ៩ក្បាល ។

    យ៉ាងណាក៏ដោយពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ មានសត្វផ្សោតស្លាប់ចំនួនសរុប ២៩ក្បាល។ តែទោះជាយ៉ាងនេះក្តី កាលពីឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ ។ កាលពីដើម ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់វិធានការឲ្យបង្កើនឆ្មាំការពារ រហូតដល់៤៤នាក់ ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង, ប៉ុស្ដិ៍ត្រួតពិនិត្យចំនួន១១ នៅលើទន្លេមេគង្គ ដែលមានប្រវែងជាង៨០គីឡូម៉ែត្រក្នុងមូលដ្ឋានខេត្តក្រចេះ និងបញ្ឈប់ការសាងសង់ផ្ទះទឹក និងចិញ្ចឹមត្រី នៅតំបន់អភិរក្សសត្វផ្សោត ។

    មន្ដ្រីជំនាញបានឲ្យដឹងថា សត្វផ្សោតអាចរស់បានត្រឹមអាយុ៣០ឆ្នាំប៉ុណ្ណោះ ហើយអាចបង្កើតកូនបានម្តងក្នុងរយៈពេល២ឆ្នាំ។ រហូតមកដល់ចុងខែមេសាឆ្នាំ២០២៦នេះ អ្នកជំនាញបានបញ្ជាក់ថា ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា បានកើនឡើងដល់ចំនួនសរុប ១១៨ក្បាល។

    សូមបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គ ជានិមិត្តរូបដ៏អស្ចារ្យមួយរបស់ទន្លេមេគង្គ។ នៅរដូវប្រាំងចាប់ពីខែមករា ដល់ខែឧសភា ក្នុងកំឡុងពេលទឹកស្រក សត្វផ្សោតប្រមូលផ្តុំគ្នានៅក្នុងអន្លង់ទឹកជ្រៅចំនួន ៨ កន្លែងតាមដងទន្លេមេគង្គ ដែលមានចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ ខេត្តស្ទឹងត្រែង។

    ក្រសួងទេសចរណ៍បានចាត់ទុកសត្វផ្សោតជាផលិតផលទេសចរណ៍ដ៏កម្រ និងមានភាពទាក់ទាញបំផុត។ វត្តមានសត្វផ្សោតបានធ្វើឲ្យទឹកដីកន្លែងនោះក្លាយទៅជាតំបន់ទេសចរណ៍ដ៏ សំខាន់មួយ។ បច្ចុប្បន្ន នៅអន្លង់កាំពីជ្រោយបន្ទាយ ឬអន្លង់ផ្សោតកាំពី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតែងតែមកទស្សនាសត្វផ្សោតជាប្រចាំថ្ងៃ មិនថាថ្ងៃបុណ្យ ឈប់សំរាក ឬថ្ងៃចុងសប្តាហ៍ឡើយ។

    សត្វផ្សោតនៅខេត្តក្រចេះ បានផ្តល់ឱកាស បង្កើតខ្ទង់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេសចរណ៍ ដូចជាបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងការកែច្នៃផលិតវត្ថុអនុស្សាវរីយ៍ ការលក់ដូរវត្ថុអនុស្សាវរីយ៍ បម្រើសេវារត់ទូកដឹកភ្ញៀវទស្សនាសត្វផ្សោត សេវាកម្មម្ហូបអាហារនិងផ្ទះសំណាក់ជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: