ព័ត៌មានជាតិ November 27, 2025

ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Firefly Airlines ភ្ជាប់ពី​​ទីក្រុងកូឡាឡាំពួរ មកខេត្តសៀមរាប ចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃនេះ

Liny Chan

(ភ្នំពេញ)៖ ​ដូចការគ្រោងទុក​ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Firefly Airlines ​ដែលបានភ្ជាប់ជើងហោះហើរត្រង់ពី​​ទីក្រុងកូឡាឡាំពួរ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះហើយ ដោយបានដឹកអ្នកដំណើរជាង ១៥០នាក់មកកាន់ទីក្រុងសៀមរាប។ ​

​លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​បានឱ្យដឹងថា សម្រាប់ជើងហោះហើរដំបូង ដែលបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ នាព្រឹកនេះ មានអ្នកដំណើរចំនួន១៥៧នាក់ ក្នុងនោះស្រី៦៦នាក់។ ចំណែកជើងហោះហើរ ត្រឡប់ពីសៀមរាបទៅកាន់ទីក្រុងកូឡាឡាំពួរ មានអ្នកដំណើរចំនួន១២៨នាក់ ក្នុងនោះស្រីចំនួន៥៣នាក់។

បើតាម​លោក ស៊ីន ចាន់សិរីវុត្ថា ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines ​គឺជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ​មានមូលដ្ឋាននៅប៉េណាង (Penang) និងស៊ូបាង (Subang) ប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ ទៅកាន់ប្រទេស ថៃ, សិង្ហបុរី, និងឥណ្ឌូនេស៊ី។

តា​មផែនការ ក្រុមហ៊ុននេះនឹងធ្វើការហោះហើរត្រង់រវាង Kuala Lumpur (KUL) ទៅ-មក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)ចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះប្រភេទ Boeing737-800 ដែលមានជើងហោះហើរលេខ FY3520 (KUL – SAI) និង FY3521 (SAI – KUL)។

សូមជម្រាបថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ ​មានក្រុមហ៊ុនអាកាសចរណ៍ប្រតិបត្តិការហោះហើរចំនួន១៣​ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ចំនួន ២ គឺ Air Cambodia (K6) និង Air Asia Cambodia (KT) និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុក ចំនួន ១១រួមមាន៖ Singapore Airlines (SQ), Bangkok Airways (PG), Thai Airways (TG),Thai AirAsia (FD), China Eastern Airlines (MU), Vietnam Airlines (VN), VietJet Air (VJ) , Lao Airlines (QV) , Emirates Airlines (EK), Indigo (6E) និង Firefly Airlines (FY)។

លោក ស៊ីន ចាន់សិរីវុត្ថា ​រំពឹងថា ត្រឹមដំណាច់ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ២ បន្ថែមទៀត ​គឺ T’way និង Air Busan៕ ផ្ដល់សិទ្ធិដោយ៖ Fresh News