Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់ចំការកៅស៊ូ នៅខេត្តរតនគិរី កំពុងមមាញឹកប្រមូលផលជ័រលក់ឲ្យឈ្មួញខ្មែរ និងវៀតណាម ខណៈតម្លៃល្អគួរសម

    BY Naren December 1, 2025
    ម្ចាស់ចំការកៅស៊ូ នៅខេត្តរតនគិរី កំពុងមមាញឹកប្រមូលផលជ័រលក់ឲ្យឈ្មួញខ្មែរ និងវៀតណាម ខណៈតម្លៃល្អគួរសម

    (រតនគិរី)៖ ស្របពេលដែលរដូវប្រមូលផលជ័រកៅស៊ូ (កៅស៊ូចាន) កំពុងមានហាងឆេងខ្ពស់ នៅទីផ្សារប្រទេសវៀតណាមនោះ ម្ចាស់ចំការកៅស៊ូមួយចំនួនដូចជានៅស្រុកបរកែវ, ស្រុកអូរយ៉ាដាវ, ស្រុកកូនមុំ, ស្រុកអូរជុំ និងស្រុកអណ្តូងមាសជាដើម នៃខេត្តរតនគិរី សប្បាយចិត្តប្រមូលផលលក់ក្រុមឈ្មួញវៀតណាម និងខ្មែរ។

    ជាក់ស្តែង នៅតាមឃ្លាំងធំៗមួយចំនួន នៅស្រុកអណ្តូងមាស, ស្រុកបរកែវ, ស្រុកអូរយ៉ាដាវ មានឈ្មួញកណ្តាលប្រមូលទិញស្តុកទុករួចដឹកចេញឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវខេត្តរតនគិរី និងតាមបណ្តាលច្រកទ្វារមួយចំនួនទៀតនៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។

    បើតាមម្ចាស់ចំការកៅស៊ូមួយចំនួន ប្រាប់ឲ្យដឹងថា ជ័រកៅស៊ូ (ជ័រចានស្អុយ) ឈ្មួញកណ្តាលវៀតណាមទិញក្នុង១គីឡូតម្លៃ៣,២០០ – ៣,៤០០រៀល តាមប្រភេទជ័រ។ រីឯឈ្មួញកណ្តាលហ៊ានទិញក្នុង១គីឡូតម្លៃ ៣,១០០ – ៣,២០០រៀល ពោលគឺទាបជាងក្រុមឈ្មញវៀតណាម ដូច្នេះក្រុមឈ្មួញកណ្តាលខ្មែរអាចបាត់អាជីព។

    ពួកគាត់បន្តថា តម្លៃជ័រកៅស៊ូស្អុយ (ជ័រចាន) មានតម្លៃល្អក្នុងឆ្នាំនេះ ដោយសារតែទីផ្សារល្អនៅប្រទេសវៀតណាម ហើយអ្នកត្រូវប៉ាន់ខ្លាំគឺសមត្ថកិច្ចប្រចាំការតាមច្រកទ្វារ ពីព្រោះជ័រកៅស៊ូស្អុយដឹកទៅលក់នៅប្រទេសវៀតណាម មិនជាប់បង់ពន្ធជូនរដ្ឋទេ គ្រាន់តែនៅភូមិភាគឥឦននៃខេត្តរតនគិរី ក្នុង១រដូវទិន្នផលជ័រស្អុយប្រមាណ៧,០០០ – ១០,០០០តោន ដឹកឆ្ពោះទៅវៀតណាម។

    ប្រភពព័ត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា សូមឲ្យសមត្ថកិច្ចនគរបាលអន្តរប្រវេសន៍ខេត្តរតនគិរី ធ្វើការត្រួតពិនិត្យឈ្មួញកណ្តាលវៀតណាមដើរប្រមូលទិញជ័រមានច្បាប់ត្រឹមត្រូវដែរទេ, ទោះបីក្រុមឈ្មញកណ្តាលវៀតណាមធ្វើទិដ្ឋាការ មានសុពលភាពរយៈពេល១ខែ ជាភ្ញៀវទេសចរ តែមិនអាចធ្វើការនៅកម្ពុជាបានទេ។ លុះត្រាតែបន្តទិដ្ឋាការស្នាក់នៅរយៈពេល១ឆ្នាំ នៅអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ និងមានបណ្ណការងារទើបអាចរកស៊ីធ្វើការបាន។

    លោក ញឹក លឿត ប្រធានការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្មខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះថា នៅក្នុងខេត្តរតនគិរី មានផ្ទៃដីកៅស៊ូក្រុមហ៊ុនចំនួន ២៧,០០០ហិកតា, មានកៅស៊ូគ្រួសារចំនួន៧១,៣៥៦.៧០ហិកតាស្មើនឹង៤៣,៤៦៦.គ្រួសារ ផ្ទៃដីកៅស៊ូជៀជ័រក្រុមហ៊ុនមាន២២,៨៣៦.៤០ហិកតា មានកៅស៊ូគ្រួសារ ចំនួន៦៣,២៦៥.៤០ហិកតា ស្មើនឹង៤០,៤២៩គ្រួសារ។

    ដោយឡែក ផ្ទៃដីកៅស៊ូបាក់មានចំនួន៧៨ហិកតា ស្មើនឹង៧៨គ្រួសារ និងផ្ទៃដីដាំដុះឆ្នាំ២០២៥ មាន៤៣៨.៧០ហិកតា ស្មើនឹង ៤៣៨.៧០គ្រួសារផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: