Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងទំនើង៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជាបន្តបន្ទាប់យកមកអប់រំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស

    BY Liny Chan December 3, 2025
    ក្មេងទំនើង៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជាបន្តបន្ទាប់យកមកអប់រំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើងចំនួន ៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតាមបណ្ដាមូលដ្ឋានខណ្ឌ ឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូ បង្កសម្លេងរំខានដល់ពលរដ្ឋ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

    ការបង្ក្រាបករណីទាំង ០២រួមមាន៖

    -ករណីទី១៖ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានឃាត់ម្ចាស់ ០៣នាក់ រួមនឹងម៉ូតូ ០៤គ្រឿង នៅចំណុចផ្លូវ អូស៊ីអាយស៊ី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

    បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត ចំណែកម៉ូតូទាំង ០៤គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ រង់ចាំឱ្យម្ចាស់មកដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៊ាំងធម្មតា ទេីបប្រគល់ឱ្យត្រលប់ទៅវិញ។

    -ករណីទី២៖ នៅវេលាម៉ោង ១០និង ១០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិទ្រង់មាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភំ្នពេញ និងបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: