ព័ត៌មានជាតិ December 4, 2025

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ស្វាយចន្ទីកម្ពុជា បាននិងកំពុងពង្រីកវត្តមាននៅក្នុងទីផ្សារជប៉ុន ដោយដាក់ក្នុងម៉ាតដ៏ល្បីរបស់ជប៉ុនប្រមាណ១៦០០០ទីតាំង នៅទូទាំងប្រទេសជប៉ុន

Naren

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បច្ចុប្បន្ននេះក្រុមការងារជំរុញពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនចំនួន២ ដើម្បីជំរុញដាក់លក់ផលិតផលស្វាយចន្ទីកម្ពុជានៅក្នុងទីផ្សារជប៉ុន ដោយបច្ចុប្បន្ននេះ បានដាក់លក់នៅក្នុងផ្សារ Family Mart ដ៏ល្បីរបស់ជប៉ុន ចំនួន ១៦,៣២០ ទីតាំងទូទាំងប្រទេសជប៉ុន។

លោកស្រី លើកឡើងបែបនេះ ធ្វើឡើងក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញប្រមាណ ២៥០ស្តង់។

ថ្លែងក្នុងឱកាសបើកពិព័រណ៍នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា តាមរយៈក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ក្រោមឆ័ត្ររបស់ក្រសួងក្នុងការជំរុញការនាំចេញ សម្រេចបានសមិទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការសម្របសម្រួលក្រុមហ៊ុនឯកជនកម្ពុជានិងដៃគូ នៅក្រៅប្រទេស ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចំណីអាហារធំជាងគេ លំដាប់ពិភពលោក Anuga នៅប្រទេសអាល្លឺម៉ង់ និងជាក់ស្តែងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន Mirarth Holding Inc. និង ក្រុមហ៊ុនជាដៃគូ នៅប្រទេសជប៉ុន ដែលបានផ្តល់ឱកាសឱ្យស្វាយចន្ទីកម្ពុជាអាច ចរាចរដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បីរបស់ជប៉ុន ចំនួន ១៦,៣២០ ទីតាំង ទូទាំងប្រទេសជប៉ុន។

ជាមួយគ្នានេះ លោកលើកទឹកចិត្តឱ្យក្រសួងពាណិជ្ជកម្មបន្ត យន្តការនេះឱ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីបន្តជំរុញការនាំចេញរបស់កម្ពុជា និងបង្កើនវត្តមានផលិតផលរបស់យើងនៅលើទីផ្សារតំបន់ និងអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews