Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម វ៉ាត់ ចំរើន៖ នៅពីក្រោយនៃការសម្តែងយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីងនឹងថតរឿងខ្លីផ្សព្វផ្សាយទៅកាន់ពិភពលោក

    BY Liny Chan April 29, 2026
    ឯកឧត្តម វ៉ាត់ ចំរើន៖ នៅពីក្រោយនៃការសម្តែងយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីងនឹងថតរឿងខ្លីផ្សព្វផ្សាយទៅកាន់ពិភពលោក

    AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦–លើសពីការសម្ដែងរួមគ្នានៃ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប នឹង ត្រៀមថតឯកសារអំពីយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីង រួមគ្នា សម្រាប់ផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។

    នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

    ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា យើងទទួលបានលិខិតស្នើសុំជួយសហការពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ ដោយឯកឧត្តមមានការយកចិត្តទុកដាក់ខ្ពស់ចំពោះយុទ្ធគុនសៅលីង និងយុទ្ធគុនចម្រុះកម្ពុជា។ ដូច្នេះ ក្នុងនាមជាប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាផងនោះ ឯកឧត្តមបានត្រៀមលក្ខណៈតាមការស្នើសុំនេះរួចរាល់ហើយ។ កាលពីឆ្នាំមុន ការសម្តែងក្បាច់គុនរួមគ្នានៃក្បាច់គុនទាំងពីរនេះទទួលបានជោគជ័យ។

    ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់បែបនេះថា ៖«យុទ្ធគុនរបស់ប្រទេសនីមួយៗ គឺមានចរិតលក្ខណៈវប្បធម៌ ទេសចរណ៍ និងនយោបាយ ព្រមទាំងការបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសនីមួយៗ ដែលជាមរតកវប្បធម៌នៃប្រទេសនីមួយៗ។ មរតកវប្បធម៌នេះបានស៊ីជម្រៅខ្លាំងសម្រាប់កម្ពុជាយើង ពីព្រោះកម្ពុជាមានអរិយធម៌ខ្ពង់ខ្ពស់រុងរឿង នៅសម័យអង្គរ ក៏អាស្រ័យរឿងយុទ្ធគុននេះដែរ។ អរិយធម៌រុងរឿងខ្ពង់ខ្ពស់នេះ ក៏ដោយសារតែរឿងយុទ្ធគុននេះដែរ។ សម័យនោះ ទាល់តែយុទ្ធគុនយើងខ្លាំង បានយើងរុងរឿងបាន ដែលយើងមានយុទ្ធគុន យុទ្ធមន្ត យុទ្ធសិល្បិ៍ យុទ្ធសាស្ត្រល្អ ទើបយើងអាចរុងរឿងបាន។ ដូច្នេះយើងទាំងអស់គ្នា កុំភ្លេចនូវអ្វីដែលដូនតាយើងបន្សល់ទុកឱ្យរហូតដល់បច្ចុប្បន្ននេះ»។

    «ជាមួយគ្នានេះ តាមរយៈការសម្តែង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាបនេះ ជាព្រឹត្តិការណ៍មួយដ៏ល្អ។ ការសម្តែងរួមគ្នានេះ គឺជារឿងល្អមួយ ប៉ុន្តែអ្វីដែលជាអាថ៌កំបាំងនៅពីក្រោនខ្នងនៃការសម្តែងនេះ គឺការត្រៀមថតឯកសារផ្សព្វផ្សាយយុទ្ធគុនទាំងពីរនេះរួមគ្នា។ ការថតឯកសាររួមគ្នានេះនឹងប្រកបដោយភាពទាក់ទាញ និងស្តង់ដា ដែលជារឿងខ្លីមួយ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ ដោយយើងគិតថា អាចនឹងផ្ទុះការចាប់អារម្មណ៍ ដោយសារតែយើងត្រៀមធ្វើក្នុងកម្រិតគុណភាពអន្តរជាតិ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម។

    ប្រធានសហព័ន្ធអះអាងថា កិច្ចការនេះជាគោលការណ៍របស់ក្រសួងទេសចរណ៍ ដោយយើងទាំងអស់គ្នាដឹងហើយថា ប៉ុន្មានឆ្នាំមុននេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញសកម្មភាពសិក្សាស្រាវជ្រាវស្វែងរកអាថ៌កំបាំងនៅក្នុងយុទ្ធគុនខ្មែរយើង ដែលធ្លាប់មានភាពរុងរឿងពីមុនមក ដែលជាការជីកកកាយជាថ្មីឱ្យប្រជាពលរដ្ឋខ្មែរយើងបានឃើញអំពីអ្វីដែលជាអាថ៌កំបាំងនៅក្នុងយុទ្ធគុនខ្មែរយើង។ ជាមួយគ្នានេះ ទាំងយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីង ក៏បានធ្វើទំនើបកម្ម ដែលនឹងធ្វើឱកាន់តែមានភាពអស្ចារ្យ។ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន»នេះ គឺយើងគិតថានឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីមួយទៀត សម្រាប់ទេសចរណ៍ផង និងសម្រាប់វប្បធម៌ផង ក៏ដូចជាសម្រាប់យុទ្ធគុនចម្រុះរបស់ខ្មែរផង។

    គួរបញ្ជាក់ថា ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ជាការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu) និងថាយជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង ១,០០០នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: