លោក ហេង រតនា ថា ប្រតិភូផ្ទះលេខ២ ក្នុងកិច្ចប្រជុំស្តីពីអនុសញ្ញាមីន ប្រឹងបំផ្លាញសមិទ្ធិផលដ៏ធំធេងរបស់កម្ពុជា ដែលអនុវត្តជោគជ័យ លើអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ដើម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិ
(ភ្នំពេញ)៖ តាមរយៈសំណេរបស់ខ្លួន បង្ហោះលើបណ្តាញទំនាក់ទំនងសង្គម លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានចាត់ទុកសកម្មភាពរបស់ប្រតិភូថៃ (គេតែងហៅបែបលេងសើចថាផ្ទះលេខ២) នៅក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា ប្រឹងបំផ្លិចបំផ្លាញសមិទ្ធិផលដ៏ធំធេងរបស់កម្ពុជា ដែលអនុវត្តដោយជោគជ័យ លើអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ដើម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិ។
ក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ប្រតិភូថៃបានព្យាយាមយកវេទិកានេះ ដាក់បន្ទុក និងចោទប្រកាន់កម្ពុជាដាក់មីនថ្មី តាមបន្ទាត់ព្រំដែន ដែលខុសទៅនឹងអនុសញ្ញាអូតាវ៉ា ក្នុងចេតនាឱ្យមានការដាក់ទោសមកលើកម្ពុជា។
ភ្ជាប់ជាមួយសកម្មភាពរបស់ខ្លួន ចុះពិនិត្យបច្ចេកទេស ដាក់ដំឡើងសំបកគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK84 នៅសារមន្ទីរតេជោសន្តិភាពនៃខេត្តសៀមរាប មេស៉ីម៉ាក់របស់កម្ពុជា លោក ហេង រតនា បានលើកឡើងថា នៅក្នុងអគាររាងគ្រាប់មីន PMN-2 ដែលជាសំណង់មេនៃសារមន្ទីរ កំពុងរៀបចំដាក់តាំងបង្ហាញរាល់ប្រភេទគ្រាប់សំណល់សង្គ្រាមនានានៅកម្ពុជា កម្រងរឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម ជនរងគ្រោះដោយសារសង្គ្រាម រូបភាព សម្ភារបច្ចេកទេស និងសមិទ្ធផលវិស័យមីននៅកម្ពុជា។
លោកថា សំណង់អគាររាងគ្រាប់មីន PMN-2 នេះ ជានិមិត្តរូបនៃឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចសហគមន៍អន្តរជាតិ ទទួលស្គាល់នូវសមិទ្ធិផលនៃការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ប្រកបដោយជោគជ័យនៅកម្ពុជា។ គាប់ជួននៅថ្ងៃទី៥ ខែធ្នូនេះ នៅក្រុងហ្សឺណែវប្រទេសស្វីស គណៈប្រតិភូផ្ទះលេខ២ បានខិតខំបំផ្លិចបំផ្លាញសមិទ្ធិផលដ៏ធំធេងនៃអនុសញ្ញាអន្តរជាតិមួយនេះ គ្រប់ៗគ្នាយល់ច្បាស់ថា ទង្វើនេះ ដើម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិ លើការធ្វើសង្គ្រាមឈ្លានពានកាន់កាប់បូរណភាពដែនដីកម្ពុជារបស់ពួកគេ មកចោទថាកម្ពុជាដាក់គ្រាប់មីនថ្មីប្រល័យជើងកូនទាហ៊ាន ដែលបានចូលឈ្លានពាន។
លោកបានលើកឡើងទៀតថា រឿងនេះដូចគ្នារឿងក្នុងជីវភាពសង្គមធម្មតាៗ ដែលនិយាយលេងសើចផង និងជាការពិតផង គឺ «ចោរបែរជាប្តឹងចោទប្រកាន់ម្ចាស់ដីថា ទុកចោលអំបែងដបក្នុងដីបណ្តាឱ្យមុតជើងកូនចោរពេលចូលលួចទន្ទានយកដី»! ទៅមនុស្សម្នាទាំងឡាយ ដើម្បីបង្វែរអារម្មណ៍អ្នកទាំងឡាយនោះឱ្យភ្លេចថា «ខ្លួនពួកគេជាអ្នកប្តឹងនោះជាចោរ»! ហេតុអីបានជាអំបែងដបមុតជើង បើម្ចាស់ដីបោះបង់ចោលអំបែងដបនោះ ក្នុងដីរបស់គេសោះហ្នឹង បើខ្លួនលោកចោរឯងមិនចូលមកលួចទន្ទ្រានកាន់កាប់ដីនោះ ក៏អំបែងដបនោះវាមិនមុតជើងកូនចោរទាំងនោះដែរ!៕ ផ្ដល់សិទ្ធិដោយ៖ Fresh News





















