ព័ត៌មានជាតិ December 10, 2025

ស្ថានទូតអាមេរិក សម្ដែងការព្រួយបារម្ភ និងទទូចឱ្យកម្ពុជា-ថៃ បញ្ឈប់ជាបន្ទាន់នូវការប្រយុទ្ធគ្នា និងគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំពួរ

Liny Chan

(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ សម្ដែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-ថៃ។

ស្ថានទូតអាមេរិកបានបញ្ជាក់បន្ថែមថា «យើងទទូចជាខ្លាំង ឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនេះ និងការការពារជនស៊ីវិល ព្រមទាំងស្នើភាគីទាំងពីរ ឱ្យវិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ដែលបានចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា និងថៃ និងបានធ្វើជាសាក្សីដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News