ក្រសួងមហាផ្ទៃ បង្ហាញបច្ចុប្បន្នភាពជនស៉ីវិលដែលរងគ្រោះដោយសារអំពើឈ្លានពានរបស់ថៃ, ជនស៉ីវិល១១នាក់បាត់បង់ជីវិត និងរបួសកើនដល់ ៧៦នាក់ ខណៈជនភៀសសឹកកើនដល់ជាង ២៧ម៉ឺននាក់
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បច្ចុប្បន្នភាពនៃផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

គិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើល្មើសច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់របស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលផ្តើមឡើងជាថ្មីទៀត ចាប់ពីថ្ងៃទី៧ ខែធ្នូ មកនោះ បានបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន ជាច្រើនកន្លែង ដូចខាងក្រោម៖
* ករណីស្លាប់ និងរបួស៖ មានពលរដ្ឋរងរបួសចំនួន២នាក់ (ស្ត្រី៦០ឆ្នាំ និងកុមារអាយុ៨ឆ្នាំ) នៅខេត្តបន្ទាយមានជ័យ។ ដូច្នេះ គិតពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង៧៖០០ព្រឹក ថ្ងៃទី១២ ខែធ្នូនេះ មានពលរដ្ឋខ្មែរស្លាប់សរុបចំនួន១១នាក់ និងរងរបួសចំនួន៧៦នាក់ ភាគច្រើនកំពុងបន្តសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យ
* ករណីភៀសសឹក៖ កើនចំនួន២,៦២៩គ្រួសារ ស្មើនឹងចំនួនមនុស្ស ៨,៧៩៣នាក់ ធៀបនឹងថ្ងៃម្សិលមិញ ក្នុងនោះ ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់៧,០៩៤គ្រួសារ ស្មើនឹងមនុស្សចំនួន ២៤,១៩១នាក់។ ខេត្តឧត្ដរមានជ័យ មានជនភៀសសឹកកើនដល់១១,២០៥គ្រួសារ ស្មើនឹងមនុស្សចំនួន ៣៨,៥៦៨នាក់។ ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់៣៦,១៣០គ្រួសារ ស្មើនឹងមនុស្សចំនួន ១២៤,៣០៥នាក់។ ខេត្តបាត់ដំបង មានជនភៀសសឹកកើនដល់៥,៦៤៩គ្រួសារ ស្មើនឹងមនុស្សចំនួន ១៨,៣៦១នាក់។ ខេត្តពោធិ៍សាត់ មានជនភៀសសឹកកើនដល់ចំនួន៧៨៤គ្រួសារ ស្មើនឹងមនុស្សចំនួន ២,២៤៧នាក់។ ខេត្តកោះកុង មានជនភៀសសឹកចំនួន៣១០នាក់។ ចំណែកនៅខេត្តសៀមរាប បានទទួល ជនភៀសសឹកកើនដល់២០,៥១៩គ្រួសារ ស្មើនឹងមនុស្សចំនួន៦៦,៤២១នាក់។ សរុបចំនួនជនភៀសសឹកបាន កើនដល់៨១,៣៨១គ្រួសារ (ធៀបនឹងថ្ងៃម្សិលមិញ មានត្រឹមតែ ៧៨,៧៥២គ្រួសារ) ស្មើនឹងមនុស្ស ២៧៤,៤០៣នាក់ (ធៀបនឹងថ្ងៃម្សិលមិញ មានត្រឹមតែ២៦៥,៦១០នាក់)។ ចំនួនប្រជាពលរដ្ឋភៀសសឹកនេះ គិតតែតាមមណ្ឌលសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលដែនដីខេត្តប៉ុណ្ណោះ មិនរាប់បញ្ចូលចំនួនប្រជាពលរដ្ឋ ភៀសសឹកដែលស្វ័យភៀសសឹកដោយខ្លួនឯង ទៅកាន់ទីកន្លែងសុវត្ថិភាពផ្សេងៗទៀតឡើយ។ រហូតមកដល់ ព្រឹកនេះនៅតែបន្តមានពលរដ្ឋភៀសសឹក ទៅកាន់តំបន់សុវត្ថិភាពគ្រប់មូលដ្ឋានខេត្តពាក់ព័ន្ធជាបន្តបន្ទាប់។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖





ផ្ដល់សិទ្ធិដោយ៖ Fresh News
