ព័ត៌មានជាតិ December 12, 2025

ក្រសួងការពារជាតិ ទាត់ចោលការផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលចោទប្រកាន់ថាកម្ពុជា បន្ថែមទ័ពនៅចន្ទបុរី-ត្រាត វាយប្រហារគំរាមកំហែងថៃ

Liny Chan

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលចំពោះការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាត វាយប្រហារគំរាមកំហែងថៃ។

ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោលយ៉ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។

បន្ថែមពីនេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ។

កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវ និងពង្រីកការរំលោភបំពានមកលើកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News