ព័ត៌មានជាតិ December 12, 2025

លោក ថោង ខុន៖ កម្ពុជាដកខ្លួនពីស៊ីហ្គេម ស្របតាមធម្មនុញ្ញអូឡាំពិក ខណៈ ៦៦ឆ្នាំមុន កម្ពុជាក៏ធ្លាប់ធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍នេះ ក្រោមមូលហេតុដូចគ្នា

Liny Chan

(ភ្នំពេញ)៖ ប្រមុខចលនាអូឡាំពិកកម្ពុជា បានចាត់ទុកការដកខ្លួនពីស៊ីហ្គេម លើកទី៣៣ របស់ប្រតិភូកីឡាកម្ពុជា ស្របតាមគោលនយោបាយ និងធម្មនុញ្ញអូឡាំពិកអន្ដរជាតិ ដែលមជ្ឍដ្ឋានជាតិ និងអន្ដរជាតិ មិនអាចរិះគន់ ឬចោទប្រកាន់លើការសម្រេចចិត្តដកខ្លួននេះឡើយ ដ្បិតកម្ពុជា បានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចរាល់ ក្នុងនាមសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។

នេះបើយោងតាមសំណេរលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោយកម្ពុជា សម្រេចដកខ្លួនពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ កាលពីថ្មីៗ ហើយលោកក៏រំលេចផងដែរថា កាលពី ៦៦ឆ្នាំមុន ពោលគឺកាលពីឆ្នាំ១៩៥៩ កម្ពុជាក៏ធ្លាប់ធ្វើពហិការមិនចូលរួមការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នប្ដូរមកជាកីឡាស៊ីហ្គេម នេះផងដែរ ក្រោមមូលហេតុដូចគ្នា ដោយសារការព្រួយបារម្ភពីសុវត្ថិភាព។

លោកទេសរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខ្ញុំសូមអរគុណចំពោះមតិទាំងឡាយ ដែលបានគាំទ្រក្នុងការសម្រេចចិត្តដកថយ ហើយវិលត្រលប់មកប្រទេសជាតិវិញ របស់ប្រតិភូ និង អត្តពលិកយើងទាំងអស់ចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ។ តាមពិត NOCC គឺជាសមាជិកមួយ នៃក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្នុងចំណោម ១១ ប្រទេសជាសមាជិក។ NOCC ធ្វើសកម្មភាពដើម្បីចលនាអូឡាំពិក ដោយមានកិច្ចសហការ ជាមួយសហព័ន្ធកីឡាជាតិ និង ក្រសួងអប់រំ យុវជន និង កីឡា តែក៏ត្រូវស្ថិតក្រោមនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ព្រោះ NOCC ជាគណៈកម្មាធិការមួយរបស់ជាតិ»

លោកបណ្ឌិត ថោង ខុន បន្ដថា «ស៊ីហ្គេមជាបុព្វសិទ្ធរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ មិនមែនជាបុព្វសិទ្ធរបស់ម្ចាស់ផ្ទះនោះទេ ប៉ុន្តែក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ត្រូវសហការសុំការគាំទ្រពីម្ចាស់ផ្ទះក្នុងពិធីបើក-បិទ បដិសណ្ឋារកិច្ច (ស្នាក់នៅ ហូបចុក ដឹកជញ្ជូន)សន្តិសុខសុវត្ថិភាពជូនដល់ប្រតិភូ និងអត្តពលិក ដោយភាពស្មើៗគ្នាមិនរើសអើងប្រទេសតូច ឬធំ ឬជាតិសាសន៍នោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន បានបំពេញតួនាទី និងភារកិច្ចដ៏ល្អប្រពៃណាស់ ក្នុងការគាំទ្រដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងចលនាកីឡាអូឡាំពិក ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាសមាជិកអាស៊ាន ក្នុងការរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាយើងកន្លងមក»។

«ការទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ទោះបីក្នុងចំនួនតិចក៏ដោយ ក៏ជាការបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រួចទៅហើយ ពិសេសការរួមប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងការចូលរួមក្នុងពិធី បង្ហូតទង់ជាតិរបស់ប្រទេសជាសមាជិក ហើយក៏បានចូលរួមក្នុងពីធីបើកព្រឹត្តិការណ៍នេះហើយដែរ។ ដូច្នេះក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក្តី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី-OCA គណៈកម្មាធិការអូឡាំពិកអន្តរជាតិ-IOC និងស្ថាប័នកីឡាអូឡាំពិកដទៃទៀតក្តី ក៏មិនអាចរិះគន់ ឬចោទប្រកាន់លើការសម្រេចចិត្តដក ប្រតិភូ និង អត្តពលិក មកវិញរបស់កម្ពុជានោះទេ ព្រោះកាតព្វកិច្ចយើងបានបំពេញរួចរាល់ហើយ។ តែនេះគឺដោយមកពីអារម្មណ៍អត្តពលិករបស់យើង ដែលចូលរួមពុំមានសុវត្ថិភាព ផ្លូវអារម្មណ៍នឹងនៅចូលរួមការប្រកួតនោះទៀតទេ ព្រោះវាពិបាកក្នុងអារម្មណ៍ណាស់ក្នុងការចូលរួមប្រកួតនៅក្នុងប្រទេសម្ចាស់ផ្ទះមួយ ដែលបាននិងកំពុងឈ្លានពានប្រទេសជាតិជាទីស្រឡាញ់របស់ខ្លួន ដែលធ្វើឱ្យអត្តពលិក យើងពុំអាចបង្ហាញគុណផលកីឡារបស់ខ្លួនឱ្យបានពេញលេញ»

ប្រមុខចលនាអូឡាំពិកកម្ពុជាដដែល បានសង្កត់ធ្ងន់ថា «ដូច្នេះការសម្រេចចិត្តដកខ្លួនរបស់ប្រតិភូ និងអត្តពលិកកម្ពុជានាពេលនេះ គឺស្របទៅនឹងគោលនយោបាយ ការការពារអត្តពលិករបស់ IOC (IOC Athlete Safeguarding Policy) ដែលធានាការពារសុវត្ថិភាព អត្តពលិក ទាំងផ្នែករាងកាយ អារម្មណ៍ និងផ្លូវចិត្តក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិ ។ ទន្ទឹមនឹងនោះគោលការណ៍ស្នូលរបស់ IOC ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អត្តពលិក គឺជាបេះដូងនៃ ចលនាអូឡាំពិក ដែលតម្រូវឱ្យមានការគាំទ្រ និងការពារទាំងក្នុង និងក្រៅទីលានប្រកួត។ ហេតុដូចនេះ ការសម្រេចរបស់កម្ពុជា ក្នុងការដកខ្លួនចេញពី ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាពេលនេះគឺស្របទៅតាមធម្មនុញ្ញអូឡាំពិក របស់ IOC និងស្មារតីរបស់ចលនាអូឡាំពិក»

ចុងក្រោយលោកទេសរដ្ឋមន្ដ្រី ថោង ខុន ក៏បានរំឮកឲ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានធ្វើពហិការ មិនចូលរួមក្នុងការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍-SEAP Games (បច្ចុប្បន្នប្តូរមកជាកីឡា SEA Games វិញ) លើកទី១ ឆ្នាំ១៩៥៩ នៅក្រុងបាងកក ប្រទេសថៃផងដែរ ក្រោមមូលហេតុ ការព្រួយបារម្មពីសុវត្ថិភាពរបស់ប្រតិភូកីឡាកម្ពុជា ដោយសារបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា-ថៃ លើការទាមទារប្រាសាទព្រះវិហារ ដែលជាប្រាងប្រាសាទរបស់ប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News