ព័ត៌មានជាតិ December 14, 2025

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព លោកពលទោ វី កក្កដា ដែលបានពលី នៅសមរភូមិជួរមុខ

Nisaiy KP

(ប៉ៃលិន)៖ ទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកសាររំលែកទុក្ខ និងថវិកាចំនួន ១០លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព លោកពលទោ វី កក្កដា ដែលបានពលីជីវិតនៅសមរភូមិជួរមុខ ប្រាសាទតាក្របី ក្នុងសង្គ្រាមឈ្លានពាន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ២១ឆ្នាំ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ បានប្រគល់ជូនក្រុមគ្រួសារសពនូវសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារថា៖ «ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយលោកស្រី និងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់កូន ប្អូន និងសាច់ញាតិជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃថ្លៃថ្លានៅក្នុងគ្រួសារ ហើយការពលីជីវិត របស់លោកពលទោ វី កក្កដា គឺជាការបាត់បង់វីរកងទ័ពមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធតស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ជាពិសេសការពារសុខសន្តិភាពជូនប្រជាជន និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកពលទោ វី កក្កដា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

ជាការឆ្លើយតប តំណាងគ្រួសារសព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីបុណ្យសពនិងរំលកទុក្ខ ហើយសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក លោកស្រី និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច។

នៅក្នុងឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ព្រមទាំងក្រុមការងារបានធ្វើការគោរពវិញ្ញាណក្ខន្ធសព លោកពលទោ វី កក្កដា និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews