ព័ត៌មានជាតិ December 15, 2025

ស្ថានទូតរុស្ស៉ីក្នុងទីក្រុងបាងកក ទាត់ចោលព័ត៌មានដែលថាមានពលរដ្ឋរុស្ស៉ីធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះរវាងថៃ និងកម្ពុជា

Liny Chan

(បាងកក)៖ ស្ថានទូតរុស្ស៉ីក្នុងទីក្រុងបាងកក បាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ថាសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលអះអាងថាមានពលរដ្ឋរុស្ស៉ីបានធ្វើជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែន រវាងថៃ និងកម្ពុជា គឺជារឿងមិនពិតនោះទេ។ នេះបើតាមកាសែតថៃ Khaosod។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ស្ថានទូតរុស្ស៉ីបាននិយាយថាព័ត៌មានដែលពលរដ្ឋរុស្ស៉ីមួយចំនួនធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះរវាងប្រទេសទាំង២ គឺជារឿងមិនពិត ហើយ ទំនងជាត្រូវបានប្រឌិតឡើងដោយពីប្រភពនៅខាងក្រៅតំបន់។ ស្ថានទូតបន្ថែមថាការចោទប្រកាន់បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៉ីនៅក្នុងប្រទេសថៃ ដែលស្នាក់នៅក្នុងប្រទេសមួយនេះ ជាភ្ញៀវទេសចរណ៍ ឬធ្វើជំនួញ ហើយក៏អាចបំផ្លាញដល់ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៉ី និងថៃផងដែរ។

តាមស្ថានទូតរុស្ស៉ី ទីក្រុងមូស្គូរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងជាមួយកម្ពុជា និងថៃ ហើយគាំទ្រដល់ដំណោះស្រាយសន្តិវិធីដើម្បីបិទបញ្ចប់ជម្លោះព្រំដែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News