ប្រធានាធិបតី ដូណាល់ ត្រាំ៖ «យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយកំពុងមានបញ្ហាបន្តិចបន្តួចគឺ ថៃនិងកម្ពុជា ហើយកំពុងមានមនុស្សស្លាប់ រឿងបែបនេះមិនគួរកើតឡើងទេ ប៉ុន្តែយើងនឹងដោះស្រាយវា» !
(សេតវិមាន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា សង្រ្គាមរវាងកម្ពុជា និងថៃ កំពុងមានមនុស្សស្លាប់រឿងបែបនេះមិនគួរកើតឡើងទេ យើងនឹងចូលដោះស្រាយសង្រ្គាមនេះ។ ការថ្លែងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងកម្មវិធីមួយនៅក្នុងសេតវិមាននាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក)។

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមអរគុណច្រើន។ យើងមានកិច្ចសន្ទនាដ៏ល្អកាលពី១ម៉ោងមុន ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប។ ភាគច្រើនក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមជាមួយរុស្ស៉ី និងអ៊ុយក្រែន។ យើងបានពិភាក្សាគ្នាយ៉ាងវែងអន្លាយ ហើយមានរឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អ ប៉ុន្តែយើងបាននិយាយតាំងពីយូរមកហើយ ហើយវាជារឿងដ៏ពិបាក។ ដូចអ្នកទាំងអស់គ្នាដឹង យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយ កំពុងមានបញ្ហាបន្តិចបន្តួច កាលពីម្សិលមិញ នោះគឺរវាងថៃនិងកម្ពុជា តែយើងនឹងដោះស្រាយវា។ មានមនុស្សកំពុងស្លាប់។ រឿងបែបនេះមិនគួរកើតឡើងទេ ហើយសូមកោតសរសើរដល់ពួកគេដែលកំពុងធ្វើការដោះស្រាយ ជម្លោះនេះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

