Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ត្រាំ ប្តឹងសារព័ត៌មានអង់គ្លេស BBC ទាមទារសំណង ១០ពាន់លានដុល្លារ ជុំវិញការកាត់តវីដេអូសុន្ទរកថា

    BY Liny Chan December 16, 2025
    លោក ត្រាំ ប្តឹងសារព័ត៌មានអង់គ្លេស BBC ទាមទារសំណង ១០ពាន់លានដុល្លារ ជុំវិញការកាត់តវីដេអូសុន្ទរកថា

    (វ៉ាស៉ីនតោន)៖ នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស BBC ពីបទបរិហារកេរ្តិ៍ ដោយទាមទារសំណងរហូតដល់យ៉ាងហោច ១០ពាន់លានដុល្លារ ជុំវិញវីដេអូឯកសារមួយ ដែលបានកាត់តការថ្លែងសុន្ទរកថាមួយរបស់លោក ទៅកាន់ក្រុមអ្នកគាំទ្រ កាលពីដើមឆ្នាំ២០២១ មុនព្រឹត្តិការណ៍កុបកម្មនៅវិមានសភាអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

    ពាក្យបណ្តឹងខាងលើ ដែលត្រូវបានដាក់ទៅកាន់តុលាការសហព័ន្ធក្នុងទីក្រុង Miami ទាមទារសំណងគិតជាទឹកប្រាក់មិនតិចជាង​៥ពាន់លានដុល្លារ សម្រាប់បទចោទប្រកាន់នីមួយៗ ក្នុងចំណោមបទចោទប្រកាន់សរុបចំនួន២ ប្រឆាំងសារព័ត៌មាន BBC រួមមាន​ពីបទបរិហារកេរ្តិ៍ និងពីបទបំពានច្បាប់ប្រឆាំងការឆបោកពាណិជ្ជកម្មរបស់រដ្ឋ Florida។

    គួរបញ្ជាក់ថា វីដេអូឯកសាររបស់ BBC ដែលចេញផ្សាយកាលពីឆ្នាំ២០២៤ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក បានកាត់បញ្ចូលចំណុច២ដាច់ដោយឡែកពីគ្នា នៃសុន្ទរកថារបស់លោក ត្រាំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងលក្ខណៈមួយដែលស្តាប់ទៅ គឺធ្វើឱ្យរូបលោកហាក់បីដូចជា បានជំរុញឱ្យក្រុមអ្នកគាំទ្ររបស់លោក នាំគ្នាវាយប្រហារលើវិមានសភាជាតិ Capitol ជាទីដែលក្រុមតំណាងរាស្រ្តអាមេរិក ផ្តល់ការទទួលស្គាល់ជាផ្លូវការ ចំពោះជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: