ព័ត៌មានជាតិ December 17, 2025

លោក ត្រាំ ដាក់ប្រទេស ៧ទៀត ចូលបញ្ជីហាមមិនឱ្យធ្វើដំណើរចូលសហរដ្ឋអាមេរិក សរុបកើនដល់ជិត ៤០ប្រទេស

Liny Chan

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តពង្រីកបម្រាមធ្វើដំណើរមិនឱ្យចូលមកសហរដ្ឋអាមេរិក តាមរយៈការហាមឃាត់មនុស្ស មកពី៧ប្រទេសថែមទៀត រួមមានទាំងស៉ីរី ហើយនិងអ្នកកាន់លិខិតឆ្លងដែនអាជ្ញាធរប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រការនេះនាំឱ្យចំនួនប្រទេសកើនដល់ជិត៤០ហើយ ដែលពលរដ្ឋត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក។ ទន្ទឹមគ្នា លោក ត្រាំ ក៏បានរឹតបន្តឹងក្បួនច្បាប់ សម្រាប់ការធ្វើដំណើរទូទៅ មកពីក្រុមប្រទេសលោកខាងលិចផងដែរ។ សេតវិមានបាននិយាយក្នុងសេចក្តីប្រកាសថា សហរដ្ឋអាមេរិកហាមឃាត់ជនបរទេសទាំងឡាយណា ដែលមានបំណងគំរាមកំហែង​ពលរដ្ឋអាមេរិក ហើយលោក ត្រាំ ក៏ចង់រារាំងផងដែរ មិនឱ្យមានជនបរទេសណានៅក្នុងសហរដ្ឋអាមេរិក ដែលនឹងបង្កការបំផ្លិច​បំផ្លាញឬអស្ថិរភាព ចំពោះវប្បធម៌ រដ្ឋាភិបាល ស្ថាប័ន ឬគោលការណ៍គ្រឹះរបស់អាមេរិក។

គួរបញ្ជាក់ថា ក្រៅពីប្រទេសស៉ីរី ប្រទេស៦ផ្សេងទៀត ដែលត្រូវបានកត់ឈ្មោះចូលបញ្ជីហាមឃាត់ការធ្វើដំណើរទាំងស្រុង រួមមាន​បួគីណាហ្វាសូ ម៉ាលី នីហ្សេ សៀរ៉ាឡេអូន ស៊ូដង់ខាងត្បូង ដែលស្ថិតនៅទ្វីបអាហ្រ្វិក ហើយនិងឡាវ ដែលនៅអាស៉ីអាគ្នេយ៍៕ ផ្ដល់សិទ្ធិដោយ៖ Fresh News