ព័ត៌មានជាតិ December 17, 2025

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចេញមុខអះអាងថា លោកស្រី អោងសាន ស៊ូជី មានសុខភាពល្អធម្មតា ក្រោយកូនប្រុសលោកស្រី បង្កើនការព្រួយបារម្ភ

Liny Chan

(ណៃពិដោ)៖ កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បាននិយាយថា លោកស្រី អោងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំង គឺមានសុខភាពល្អធម្មតា បន្ទាប់ពីកូនប្រុសលោកស្រី បានអះអាងថា ខ្លួនទទួលបានព័ត៌មានតិចតួចបំផុត អំពីស្ថានភាពរបស់អតីតមេដឹកនាំវ័យ៨០ឆ្នាំរូបនេះ ហើយភ័យព្រួយថា លោកស្រី ស៊ូជី អាចបានបាត់បង់ជីវិតទៅហើយ ទាំងខ្លួនមិនបានដឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងកិច្ចសម្ភាសន៍មួយនៅទីក្រុងតូក្យូ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កូនប្រុសលោកស្រី ស៊ូជី គឺលោក Kim Aris បានប្រាប់ Reuters ថា រូបលោកមិនបានទទួលដំណឹងអំពីម្តាយរបស់ខ្លួនច្រើនឆ្នាំមកហើយ ហើយជឿថា លោកស្រីកំពុងត្រូវបានឃុំឃាំង នៅរដ្ឋធានីណៃពិដោ ដោយគ្មានការអនុញ្ញាតឱ្យទាក់ទង ជាមួយអ្នកដទៃនៅខាងក្រៅនោះទេ។

កាលពីថ្ងៃអង្គារ សារព័ត៌មានរដ្ឋាភិបាលយោធា Myanmar Digital News បាននិយាយថា លោកស្រី អោងសាន ស៊ូជី គឺស្ថិតក្នុងស្ថានភាពសុខភាពល្អ។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់លម្អិតបន្ថែម ឬផ្តល់ភស្តុតាងណាមួយ អំពីស្ថានភាពបច្ចុប្បន្នរបស់លោកស្រីទេ។ ឆ្លើយតបការអះអាងរបស់យោធា នាថ្ងៃពុធនេះ លោក Kim Aris បាននិយាយថា បើលោកស្រី ស៊ូជី នៅមានសុខភាពល្អមែន ហេតុអ្វីយោធាមិនព្រមផ្តល់ភស្តុតាងឯករាជ្យជាក់ស្តែង ឱ្យគ្រប់គ្នាបានឃើញផ្ទាល់ភ្នែក ពោលគឺគ្មានរូបថតថ្មីៗ គ្មានលិខិតបញ្ជាក់សុខភាព គ្មានការអនុញ្ញាតឱ្យសមាជិកគ្រួសារ គ្រូពេទ្យ ឬអ្នកសង្កេតការណ៍អន្តរជាតិ អាចទាក់ទងផ្ទាល់ជាមួយលោកស្រី។

គួរបញ្ជាក់ថា លោកស្រី អោងសាន ស៊ូជី ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាព ត្រូវបានចាប់ឃុំខ្លួន ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់លោកស្រី ហើយបង្កឱ្យផ្ទុះសង្រ្គាមស៉ីវិលរហូតមកទល់សព្វថ្ងៃ។ លោកស្រី កំពុងអនុវត្តទោសរយៈពេល២៧ឆ្នាំ ក្រោមបទចោទប្រកាន់ជាច្រើន រួមមានទាំងញុះញង់បង្កការបះបោរ អំពើពុករលួយ និងបន្លំការបោះឆ្នោត ខណៈលោកស្រីបានច្រានចោល ការចោទប្រកាន់ទាំងអស់នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News