ព័ត៌មានជាតិ December 19, 2025

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលក្នុងជម្លោះកម្ពុជា-ថៃ

Liny Chan

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូនេះបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ។

នៅក្នុងសេចក្តីប្រកាសព័ត៍មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានប​ញ្ជាក់ឱ្យដឹងថា ឧត្តមស្នងការអង្គការ សហប្រជាជាតិសិទ្ធិមនុស្ស លោក Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ជ្រួន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។

លោក Volker Türk បានរម្លឹកថា យោងតាមច្បាប់មនុស្សធម៌អន្តរជាតិ ការការពារប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការចាំបាច់បំផុត ព្រមទាំងបានអំពាវនាវឱ្យមានការជម្លៀសប្រជាជនស៊ីវិលចម្រុះជាតិសាសន៍ ជាប់នៅក្នុង អគារនិងតំបន់កាស៊ីណូដែលរងការវាយប្រហារ។ ទន្ទឹមនេះលោកបានគូសបញ្ជាក់ថា រាល់ការវាយប្រហារ ត្រូវគោរពតាមគោលការណ៍ជាមូលដ្ឋាន ដូចមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាត្រូវមានការ បែងចែកគោលដៅ ភាពចាំបាច់ និងសមាមាត្រ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រជាជនស៊ីវិល។

លោក Volker Türk បានអំពាវនាវឱ្យភាគីទាំងសងខាងបញ្ឈប់ការវាយប្រហារជាបន្ទាន់ និងវិលត្រឡប់មករកកិច្ចសន្ទនាវិញ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូរឡាឡាំពួ និងបានបញ្ជាក់បន្ថែមថា ក្រុមការងាររបស់លោកត្រៀមខ្លួនរួចរាល់ក្នុងការជួយកសាងទំនុកចិត្ត និងធានាថាការការពារ ជីវិតនិងសុខុមាលភាពរបស់ប្រជាជនស៊ីវិល គឺជាអាទិភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News