សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំមិនឱ្យមានការផ្សព្វផ្សាយទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធរបស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់អ្នកសារព័ត៌មាន ត្រូវពង្រឹងស្មារតីវិជ្ជាជីវៈបន្ថែម ដោយមិនត្រូវធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ ព្រមទាំងការសម្ងាត់របស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិ និងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។

នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ស្តីពី តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ដែលបណ្តាញព័ត័មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ។
នៅក្នុងសាលិខិតនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមបន្តណែនាំ និងពង្រឹងស្មារតីវិជ្ជាជីវៈបន្ថែម ដោយមិនត្រូវធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ ព្រមទាំងការសម្ងាត់របស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិ និងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ សូមពង្រឹង និងយកចិត្តទុកដាក់តាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការ ជាពិសេសប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិដែលនឹង ផ្តល់ព័ត៌មានជាប្រចាំពីការវិវត្តនៃស្ថានការណ៍»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចែករំលែកបន្តនូវសារមួយចំនួន ដែលផ្សព្វផ្សាយពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានដោយគ្មានប្រភពច្បាស់លាស់។
សម្តេចមហាបវរធិបតី បានបន្ថែមថា ក្នុងកាលៈទេសៈនេះសូមបន្តតាមដាន និងទទួលនូវព័ត៌មានពីប្រភពផ្លូវការនានា ជាពិសេសក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ព័ត៌មានពិត និងមានប្រភពច្បាស់លាស់ពីសមរភូមិមុខ និងពីអាជ្ញាធរខេត្តពាក់ព័ន្ធ។ ជាមួយគ្នានេះសូមបងប្អូនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលតែងតែប្រកាន់នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា៕




