ព័ត៌មានអន្តរជាតិ December 21, 2025

លោក ហ្សេលេនស្គី ថាអាមេរិកផ្តល់ទម្រង់ចរចាថ្មីដែលអាចមា​នរុស្ស៉ី និងអ៊ុយក្រែន រួមទាំងអឺរ៉ុប

Nisaiy KP

(កៀវ)៖ នាថ្ងៃសៅរ៍ ទី២០ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ទម្រង់ថ្មីមួយដ៏មានសក្តានុពល សម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៉ី ជាមួយអាមេរិក និងប្រហែលជាមានបេសកជនអឺរ៉ុបចូលរួម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី និយាយថា​ ទីក្រុងកៀវ នឹងសម្រេចចិត្តលើទម្រង់នេះ​ ពេលដែលច្បាស់ថាការពិភាក្សាទ្វេភាគីជាមួយក្រុមអ្នកចរចាអាមេរិក ដែលបានបន្តកាលពីថ្ងៃសុក្រមានភាពវិជ្ជមានឬយ៉ាងណា ដោយបន្ថែមថា លោកគ្រោងយកបញ្ហានេះទៅជជែកជាមួយប្រធានប្រតិភូអ៊ុយក្រែន លោក Rustem Umerov។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងកៀវ លោក ហ្សេលេនស្គី មិនបានលម្អិតអំពីទម្រង់បែបណាដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ស្នើឡើងទេ ដោយគ្រាន់តែឱ្យដឹងថា សហរដ្ឋអាមេរិកនឹងមា​នជំនួបដោយឡែកជាមួយអ្នកតំណាងរុស្ស៉ី ដូច្នេះកិច្ចចរចាអាចមានអាមេរិក​ អ៊ុយក្រែន​ រុស្ស៉ី​ ហេីយដោយសារតែអ្នកតំណាងអឺរ៉ុបនៅទីនោះស្រាប់​ ប្រហែលជាអឺរ៉ុបក៏អាចមានវត្តមានផងដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ី មិនបានចរចាទល់មុខគ្នាទេ ចាប់តាំងពីខែកក្កដាមក។ យន្តការការទូតគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមជិត ៤ឆ្នាំនៅអ៊ុយក្រែន កាន់តែមានភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews