ព័ត៌មានអន្តរជាតិ December 21, 2025

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បើកកិច្ចសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃចន្ទស្អែកនេះ

Nisaiy KP

(គូឡាឡាំពួ)៖ នៅក្នុងការបង្ហោះមួយលើទំព័រ Facebook របស់លោកនៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយថា រូបលោកមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន ដើម្បីផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីមធ្យោបាយល្អនានាសំដៅឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង រវាងប្រទេសទាំង២។

លោក អាន់វ៉ា បានឱ្យដឹងទៀតថា រូបលោកបានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃត្រូវចូលរួមក្នុងស្មារតីនៃកិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមកដើម្បីបិទបញ្ចប់ភាពតានតឹង និងថែរក្សា សន្តិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់។

តាមលោក អាន់វ៉ា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះគឺជាឱកាស និងវេទិកាប្រកបដោយលក្ខណៈស្ថាបនាមួយដើម្បីអាចឱ្យប្រទេសទាំង២ ចរចាគ្នាដោយ បើកចំហ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews