ព័ត៌មានជាតិ December 22, 2025

ប្រមុខការទូតកម្ពុជា​ ជួបជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅម៉ាឡេស៊ី ពិភាក្សាផ្ដោតសំខាន់លើការវិវត្តនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ

Liny Chan

(ម៉ាឡេស៊ី)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានជួបទ្វេភាគីជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់នូវសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាមួយគ្នាថ្មីៗនេះ នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញាកន្លងទៅ។ ជំនួបថ្ងៃនេះ បានផ្ដោតសំខាន់លើការវិវត្តនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។

ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសជម្រាបជូន លោក Vivian Balakrishnan អំពីស្ថានភាពថ្មីៗ ដោយសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ឱ្យមានបទឈប់បាញ់ អំពាវនាវឱ្យមានការចរចាតាមផ្លូវការទូត និងកិច្ចសន្ទនាប្រកបដោយស្ថាបនា ដើម្បីធានានូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News