ព័ត៌មានជាតិ December 23, 2025

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានិងចិន គឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា

Liny Chan

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា កម្ពុជានិងចិន គឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា។

សម្តេចបានលើកឡើងបែបនេះ នៅវិមាន៧មករា នារសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ពេលអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅថា «ចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន បច្ចុប្បន្ន សម្ដេចតេជោ សង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា»

នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះ សាស្ត្រាចារ្យ Xie Chuntao និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ ការអញ្ជើញរបស់លោកសាស្ត្រាចារ្យមកកាន់កម្ពុជានៅពេលនេះ គឺតបតាមការអញ្ជើញរបស់សម្ដេចតេជោ ក្នុងពេលដែលសម្ដេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែធ្នូឆ្នាំ២០២៤កន្លងទៅ។

សម្ដេចតេជោបានបន្តទៀតថា វត្តមានរបស់សាស្ត្រាចារ្យ Xie Chuntao មកកាន់កម្ពុជានាពេលនេះ ជាឱកាសនៃការពង្រីកទំនាក់ទំនងបន្ថែមទៀតទាំងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិន រួមទាំងកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន។

នៅក្នុងឱកាសនោះ សាស្ត្រាចារ្យ Xie Chuntao បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ជួបសម្ដែងការគួរសមនៅក្នុងពេលនេះ។ លោកបានរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ដែលមានជាមួយគ្នានាពេលបច្ចុប្បន្ននេះ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោកក៏បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងបក្សនិងបក្ស ដែលមានជាមួយគ្នា ហើយលោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ នឹងជាការរួមចំណែកបន្ថែមទៀត ដើម្បីពង្រឹងចំណងមិត្តភាពរវាងគណបក្សទាំងពីរ ឲ្យកាន់តែរីកចម្រើន។ លោកបានរំលឹកថា កន្លងមកភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចរវាងមន្ត្រីគណបក្សនៃប្រទេសទាំងពីរទៅវិញទៅមក រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ដែលជាផ្នែកមួយដ៏សំខាន់ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងចិន និងរវាងគណបក្ស និងគណបក្ស កាន់តែជិតស្និទ្ធ។

សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងគណបក្សនៃប្រទេសទាំងពីរ ដែលមានជាមួយគ្នា ហើយសម្ដេចតេជោសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ដោយធ្វើយ៉ាងណាភាគីទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ចមន្ត្រីទៅវិញទៅមក និងការបណ្តុះបណ្តាល ពង្រឹងធនធានមនុស្សរវាងគណបក្សនៃប្រទេសទាំងពីរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរសាស្ត្រចារ្យ Xie Chuntao និងគណៈប្រតិភូទាំងអស់ ទទួលបានជោគជ័យ ក្នុងការបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News