ព័ត៌មានជាតិ December 23, 2025

ចិនគាំទ្រអាស៊ាន និងបញ្ជូនបេសកជនពិសេសទៅសម្របសម្រួលជម្លោះកម្ពុជា-ថៃ

Liny Chan

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជាគុន (Guo Jiakun) បានប្រកាសនៅថ្ងៃនេះថា ចិនគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ដើម្បីធានាសន្តិភាពរវាងកម្ពុជា និងថៃ។

តាមរយៈសេចក្តីថ្លែងការណ៍ លោកបានបញ្ជាក់ថា ចាប់តាំងពីស្ថានការណ៍មានភាពតានតឹងឡើង ចិនបានចូលរួមជាមួយភាគីទាំងពីរតាមរបៀបរបស់ខ្លួន ដោយរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី បានជួបសន្ទនាជាមួយសមភាគីនៃប្រទេសទាំងពីរ។

ជាពិសេស បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី លោក តេង ស៊ីជុន (Deng Xijun) កំពុងស្ថិតក្នុងបេសកកម្មការទូតសម្របសម្រួលដើម្បីជួយរៀបចំកិច្ចចរចា។ លោក គួ បានសង្កត់ធ្ងន់ថា ចិននឹងបន្តដើរតួនាទីស្ថាបនាដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្តារសន្តិភាពឡើងវិញសម្រាប់ផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕⁩ ប្រភព៖ Fresh News